(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ គ្រាដែលអាកាសធាតុនឹងចុះត្រជាក់ខ្លាំង រហូតដល់១៣អង្សាសេ នៅតំបន់មួយចំនួនចាប់ថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។
ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ រដ្ឋមន្ដ្រី លឹម គានហោ បានបញ្ជក់ថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅក្នុងប្រទេសកម្ពុជា នាដើមឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានស្ថានភាពដូចខាងក្រោម៖
*ទី១៖ នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី១៤°C ទៅ១៧°C។ ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង) សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅ ក្នុងរង្វង់ពី១២°C ទៅ១៥°C លាយឡំជាមួយខ្យល់ខ្លាំង។
*ទី២៖ នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៦°C ទៅ១៩°C។ ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៥°C ទៅ១៨°C លាយឡំជាមួយខ្យល់មធ្យម។
*ទី៣៖ នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨°C ទៅ២១°C។ នៅថ្ងៃទី១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី លឹម គានហោ បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។ ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕