(បន្ទាយមានជ័យ)៖ លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា បានដឹកនាំប្រតិភូនាំយកអំណោយចុះសួរសុខទុក្ខកងទ័ពឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់បទល្មើសជួញដូរផ្សេងៗ ពិសេសត្រៀមទទួលពលករដែលចំណាកស្រុកចូលមកពីប្រទេសថៃ តាមច្រករបៀងនានា ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាពដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍។
ការនាំយកអំណោយចុះសួរសុខទុក្ខនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ, លោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការបញ្ជាការដ្ឋានរថក្រោះ និងជាមេបញ្ជាការកងរថក្រោះប្រចាំទិសភូមិភាគទី៥ ព្រះនេត្រព្រះ លោក ម៉ាតាំង ម៉ាំង ឌីយោ (HE Matin Maindiaeu) ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រួមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត ដោយមានការដឹកនាំកងទ័ព ទទួលដោយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសតំបន់ទី១ ខេត្តបន្ទាយមានជ័យ។
លោក ឈើយ ចាន់ណា បានពាំនាំការផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនកងកម្លាំងទាំងអស់ និងរួមគ្នាបំពេញតួនាទី ភារកិច្ចឱ្យបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យវីរុសកូវីដ១៩ ឆ្លងចូលសហគមន៍បាន ហើយក្នុងពេលបំពេញភារកិច្ចនេះ ត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែលអាល់កុលជាប្រចាំ និងមិនត្រូវទៅប៉ះពាល់ ឬប្រាស្រ័យទាក់ទងពលករ ដែលស្ថិតក្នុងការសង្ស័យមានផ្ទុកវីរុស កូវីដ១៩នោះឡើយ។
លោក ឈើយ ចាន់ណា បានបន្ថែមថា ការចុះត្រួតពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពេលដែលពករវិញត្រទ្បប់ពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀង ផ្សេងៗ ដើម្បីធ្វើការទប់ស្កាត់នូវមេរោគកូវីដ១៩ និងបញ្ជូនទៅមណ្ឌលចត្តាឡីស័កក្នុងខេត្តប៉ៃលិនរយៈពេល១៤ថ្ងៃ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ក្នុងការប្រយុទ្ធ ប្រឆាំង បង្កាទប់ស្កាត់នៃជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំវិធានការរបស់ក្រសួងសុខាភិបាល។
អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះពលករខ្មែរនៅប្រទេសថៃ ដែលបានវិលត្រឡប់មកវិញ គឺតម្រូវឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក នៅកន្លែងដែលបានកំណត់ ដើម្បីយកសំណាកទៅវិភាគឲ្យបានគ្រប់ចំនួន៣ដង តាមការកំណត់របស់ក្រសួងសុខាភិបាល ដើម្បីជាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅប្រទេសជិតខាងដែលផ្ទុះឡើងថ្មីៗនេះ ក្រោមចំណាត់ការដ៏មានប្រសិទ្ធភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល៕