(ភ្នំពេញ)៖ សៀវភៅថ្មីមួយក្បាលទៀតដែលមានចំណងជើងថា «ទឹកចិត្តអ្នកជួយសង្រ្គោះ» ត្រូវបានចេញផ្សាយជាផ្លូវការនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ ដើម្បីរំឭកអនុស្សាវរីយ៍រយៈពេល៤៥ឆ្នាំ នៃខួបអាពាហ៍ពិពាហ៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សៀវភៅនេះជាស្នាដៃនិពន្ធរបស់លោក លោក ពៅ សុខ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន។
លោកទីប្រឹក្សា ពៅ សុខ បានឱ្យដឹងថា សៀវភៅ «ទឹកចិត្តអ្នកជួយសង្រ្គោះ» នេះមានកម្រាស់ជាង ៤០០ទំព័រ ដោយបានចាប់ផ្តើមសរសេរកាលពីចុងឆ្នាំ២០១៣ និងបញ្ចប់ការរៀបរៀងសព្វគ្រប់នៅពាក់កណ្តាលឆ្នាំ២០២០ ដែលមានចំណងជើងដំបូងជាភាសាបាលីថា «ទឹកចិត្តសង្គហជន» ដែលមានន័យថា ទឹកចិត្តអ្នកជួយសង្រ្គោះដូចគ្នា។
លោកបានបញ្ជាក់ទៀតថា សៀវភៅ «ទឹកចិត្តអ្នកជួយសង្រ្គោះ» នេះផងដែរ មាននិយាយរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រជាជនខ្មែរក្នុងសម័យសង្រ្គាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ និងយុគសម័យដ៏មហារន្ធត់វេទនានៃការកាប់សម្លាប់ បង្អត់អាហារ ធ្វើការហួសកម្លាំង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលដឹកនាំដោយពួកខ្មែរក្រហម ប៉ុលពត។
លោកបានរៀបរាប់ថា ក្នុងអំឡុងឆ្នាំ១៩៧៧ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន រត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយមកជួយរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបដ៏ឃោរឃៅនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រៀបទៅនឹងព្រះនាងជ័យរាជទេវី ដូច្នោះដែលព្រះនាងត្រូវបែកពីព្រះស្វាមី គឺព្រះបាទជ័យវរ្ម័នទី៧ (ជយវម៌្មទី៧)។ ព្រះបាទជយវម៌្មទី៧ បានរត់ភៀសព្រះកាយទៅសម្ងំបង្កើតកងទ័ពរយៈពេលចន្លោះពី ១៥-១៩ឆ្នាំ ដើម្បីរំដោះព្រះនគររបស់ព្រះអង្គ ធ្វើឱ្យព្រះនាងជ័យរាជទេវីរង់ចាំព្រះអង្គរហូតសោយទិវង្គត។
ចំណែកសម្តេចតេជោ ហ៊ុន សែន បានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម និងចំណាយពេលជិត៣ឆ្នាំ បង្កើតកងទ័ព និងរួមកម្លាំងជាមួយចលនាខ្មែរដទៃទៀត រួមមាន៖ សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, សម្តេច សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីរំដោះប្រទេសចេញពីរបបខ្មែរក្រហម។ ចលនារបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនដទៃទៀត ជាអ្នកប្រោសជីវិតប្រជាជនកម្ពុជា ប្រោសប្រទេសកម្ពុជា ប្រោសសេរីភាពប្រជាធិបតេយ្យ ប្រោសរបរាជានិយម និងប្រោសអ្វីៗគ្រប់យ៉ាងឱ្យរស់ឡើងវិញ។
លោកទីប្រឹក្សាបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដំណើរជីវិតប្រៀបដូចព្រះនាងជ័យរាជទេវី ប៉ុន្តែរឹងមាំជាងព្រះនាង គឺក្រោយពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំយុទ្ធមិត្តដ៏ស្មោះត្រង់របស់សម្តេច ចាកចេញពីកម្ពុជានាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច ប៊ុន រ៉ានី ត្រូវរស់នៅយ៉ាងវេទនាជាមួយប្រជាជនខ្មែរទូទាំងប្រទេស រង់ចាំស្វាមីត្រឡប់មករំដោះប្រទេសវិញ។
ដោយរំពឹង និងជឿជាក់យ៉ាងមុតមាំថា នៅថ្ងៃណាមួយសម្តេច ហ៊ុន សែន នឹងត្រឡប់មករំដោះប្រទេស និងប្រជាជនខ្មែរពីមហាទុក្ខវេទនាជាមិនខាន។ សម្តេច ប៊ុន រ៉ានី មានភាពរឹងមាំជាងព្រះនាងជ័យរាជទេវី ត្រង់ថាសម្តេចមិនបណ្តោយឱ្យការទន្ទឹងរង់ចាំក្លាយជាទម្ងន់ ក្លាយជាអម្រែកលើទឹកចិត្តលើផ្លូវចិត្ត និងរាងកាយរបស់សម្តេចឡើយ ដោយសម្តេចបានពង្រឹងខ្លួនឯងយ៉ាងរឹងមាំមិនទន់ជ្រាយ ប្រៀបបាននឹងដែកថែបដែលត្រូវបានគេលត់ដំម្តងហើយម្តងទៀតក្នុងជំរំការងារដ៏គួរឱ្យភ័យរន្ធត់តក់ស្លុត និងទីបំផុតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានជួបសម្តេច ហ៊ុន សែន វិញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៨០ ក្រោយពីប្រទេស និងប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបដ៏ឃោរឃៅបានមួយឆ្នាំ។
លោកបានអះអាងថា សៀវភៅទឹកចិត្តអ្នកជួយសង្រ្គោះនេះ ក៏បានរៀបរាប់ផងដែរអំពីទឹកចិត្តជាអ្នកជួយសង្រ្គោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីកុមារភាព យុវភាព និងបច្ចុប្បន្ន ដែលសម្តេចបង្កើតឱ្យមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងការបង្កើឱ្យមានមូលនិធិកូនភ្លោះ ៣ ផ្ទះទេវតា និងក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោ ហ៊ុន សែន និងកូនចៅរបស់សម្តេច។
លោកបន្ថែមថា សៀវភៅទឹកចិត្តអ្នកជួយសង្រ្គោះ ជាសៀវភៅទី៤ ដែលលោកបានរៀបរៀងជួយថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដូចជាសៀវភៅ «វីរបុរស ០៧១» សៀវភៅ «សម្តេច ហ៊ុន សែន វីរបុរសសង្ហា ដើរបញ្ច្រាសទិសប្រយុទ្ធកូវីដ-១៩» សៀវភៅ «សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា»៕