(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត បានណែនាំ និងជំរុញដល់មន្ត្រីនៃស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រូវចេះសហការគ្នារួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ហើយការអនុវត្តត្រូវផ្អែកលើមូលដ្ឋាន ៣ដំណាក់កាល ពាក់ព័ន្ធទំនាស់វិវាទដីធ្លី នៅជុំវិញខេត្តកំពត រួមមានទី១៖ ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិឲ្យបានទូលំទូលាយ ដល់ពលរដ្ឋបានដឹង, ទី២៖ ចុះពន្យល់ណែនាំ និងធ្វើកិច្ចសន្យាលើការប្រព្រឹត្តល្មើស និងទី៣៖ ការអនុវត្តនិតិវិធីច្បាប់ ដោះស្រាយតាមប្រព័ន្ធតុលាការ។
ការជំរុញបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែធ្នូ ដំណាច់ឆ្នាំ២០២០ តាមរយៈ video content ភ្ជាប់ពីបណ្ដារដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត។
ជាមួយគ្នានេះដែរ លោក ជាវ តាយ ក៏បានលើកថា កិច្ចប្រជុំពេលនេះ គឺពិតជាសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងលទ្ធផលការងារ អំពីបញ្ហាប្រឈម សំណូមពរ ដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋានដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងបន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងចីរភាព។
លោកអភិបាលខេត្ត បានបន្តថា រឿងដែលកំពុងប្រឈមជាងគេ នៅតាមបណ្តាក្រុង ស្រុក គឺបញ្ហាបទស្មើសដីធ្លី ដែលទាមទារឱ្យអភិបាលក្រុង ស្រុក ត្រូវមានវិធានការម៉ឺងម៉ាត់ បើមិនដូច្នេះ ទេបទល្មើសនឹងបន្តកើតមានឡើង យ៉ាងអនាធិបតេយ្យជាក់ជាមិនខាននោះទេ។
ទន្ទឹមគ្នានេះ លោក ជាវ តាយ ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងជំនាញពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ត្រូវបន្តការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចូលរួមពង្រឹងការអនុវត្តវិធានការ ការពារសុវត្ថិភាពសង្គម តាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់នូវហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ កុំឱ្យចូលក្នុងសហគមន៍ខេត្តកំពត ឱ្យបានដាច់ខាត។
ដោយឡែកពាក់ព័ន្ធ ទិវាជ័យជំនះ ថ្ងៃ៧មករា នៅចំពោះមុខនេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ទីរ អង្គភាពកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុក ក៏ត្រូវត្រៀមលក្ខណៈរៀបចំឱ្យបានសមរម្យ និងបំផុសស្មារតីដល់មហាជនឱ្យចូលរួមទាំងអស់គ្នា ក្នុងការរៀបចំតុបតែងលម្អភ្លើង ដាក់ទង់ជាតិអបអរ តាមមន្ទីរអង្គភាព និងលំនៅដ្ឋានប្រជាពលរដ្ឋឱ្យបានផុលផុស ស្របតាមស្មារតីនៃច្បាប់កំណត់៕