(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បានព្រមានចាត់ការចំពោះគណនីហ្វេសបុកមួយ បានយករូបលោកទៅដាក់ជា Profile ដោយគ្មានការអនុញ្ញាត។
លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ចំពោះគណនីហ្វេសបុកក្លែងក្លាយមួយដែលទើបបង្កើតមានឈ្មោះថា VB ApK ដោយបានយករូបខ្ញុំ ក្នុងឯកសណ្ឋាននគរបាលជាតិ យកទៅដាក់ធ្វើជា Profile ដោយគ្មានការអនុញ្ញាត »។
លោកវរសេនីយ៍ឯក សាន សុខសីហា សូមបដិសេធទាំងស្រុងរាល់ផុស នានានៅលើផេកក្លែងក្លាយនេះ ដែលជនអនាមិកបានបង្កើតឡើងក្នុងគោលបំណងអាក្រក់ណាមួយ ឬបង្ខូចកិត្តិយសរបស់លោក។ លោកបានព្រមានថា «បើម្ចាស់គណនីហ្វេសបុកនេះបានឃើញ សូមប្រញាប់ដករូបលោកចេញពី Profile បើមិនដូច្នោះទេសមត្ថកិច្ចជំនាញនឹងស្រាវជ្រាវ និងនាំយកជនរូបនេះមកអនុវត្តតាមនីតិវិធីច្បាប់ »៕