(កំពង់ចាម)៖ កងកម្លាំងបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹក និងកាកសំណល់សង្គ្រាមរបស់កម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បាននិងកំពុងបន្តបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំឡើងវិញ ដើម្បីរុករក និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ដែលស្ថិតនៅទីតាំងលិចនាវាចម្បាំងអំលុងសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ដែលបានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យដល់ទីតាំងដោយផ្ទាល់ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ។
លោកនាយឧត្តមសេនីយ៍ នាង ផាត បានវាយតម្លៃខ្ពស់ និងលើកទឹកចិត្តដល់ក្រុមការងារជំនាញបន្តកិច្ចខិតខំប្រឹងលើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកនេះ ឱ្យកាន់តែឆាប់រហ័សទៅតាមផែនការដែលបានកំណត់។
បើតាមលោកឧត្តមសេនីយ៍ទោ ម៉ី សុភា េមបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានលើកឡើងថា ដើម្បីជំរុញកិច្ចប្រតិបត្តិការប្រកបដោយភាពស្មុគ្រស្មាញ និងប្រឈមមុខចំពោះការគ្រោះថ្នាក់នេះ កិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្រោមទឹកនេះ ត្រូវបានបែងចែកយ៉ាងយកចិត្តទុកដាក់បំផុតទៅតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ។
បើយោងតាមតាមរបាយការណ៍របស់ក្រុមការងារ បានឱ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ ១,៥០០ម៉ែត្រ នៅតាមបណ្តោយទន្លេ ប្រមាណ ១៥០ហិកតា។ ក្រុមការងារ បានបោះពោងជុំវិញតំបន់ប្រតិបត្តិការ បានចំនួន ១០ពោង, រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២១៦គ្រាប់ ដែលកម្លាំងរាវរកឃើញ និងទទួលបានពីអាជ្ញាធរមូលដ្ឋានឃុំមានជ័យ ចំនួន ១៥១គ្រាប់ រួមមាន៖ អាវុធធុនតូច១៤គីឡូក្រាម, គ្រាប់ត្បាល់៦០មីលីម៉ែត្រ ៤៧គ្រាប់, គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ ១៤គ្រាប់, ក្បាលគ្រាប់ ៣៧មីលីម៉ែត្រ ២៤គ្រាប់, គ្រាប់ផ្លោង ១២.៧មីលីម៉ែត្រ ២០២គ្រាប់, គ្រាប់រ៉ូកែត H 107 ចំនួន០២គ្រាប់, គ្រាប់ផ្លោង ១០៥ មីលីម៉ែត្រ ចំនួន០៣គ្រាប់ និងគ្រាប់ផ្លោង ២៣មីលីម៉ែត្រ ១២០គ្រាប់ សរុបទាំងអស់៤១២គ្រាប់ ផងដែរ។
តាមរបាយការណ៍បានបន្តថា ដោយសារតែប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលព្យុះជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី៣០ តុលា ឆ្នាំ២០២០ ធ្វើឱ្យស្ថានភាពទឹកទន្លេមេគង្គហក់ឡើងយ៉ាងគំហុក ក្នុងនោះកិច្ចប្រតិបត្តិការត្រូវផ្អាកបណ្តោះអាសន្ន និងបានចាប់ដំណើរការឡើងវិញនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
ការអនុវត្តន៍ផែនការប្រើសាឡង់បូមខ្សាច់នៅតំបន់ជុំវិញនាវាលិច ធ្វើការបូមខ្សាច់នៅជុំវិញនាវាលិច ចំងាយប្រមាណ១០០ម៉ែត្រ ជុំវិញ ដើម្បីឱ្យដីខ្សាច់ដែលបានដុះគ្របលើនាវាច្រើនឆ្នាំ បានហូរស្រកចេញពីនាវាអស់សិន ទើបក្រមជំនាញមុជទឹក និងក្រុមជំនាញ EOD អាចមុជទឹកចូលទៅក្នុងនាវា និងធ្វើការចល័តគ្រាប់ចេញពីនាវាបាន។
តាមផែនការគ្រោងទុក សកម្មភាពបូមខ្សាច់អាចនឹងត្រូវបន្តរហូតដល់ដំណាច់ខែមករា ឆ្នាំ២០២១ខាងមុខ ទើបអាចធ្វើការស្រង់គ្រាប់ចេញបានពីនាវាបានជាបណ្តើរៗដោយសារតែនៅក្នុងនាវា មានឧបសគ្គជាច្រើន ដូចជាគល់ឈើ គុម្ពឫស្សី និងគំនរឈើ នៅគ្របពីលើកេសគ្រាប់ ដូច្នេះកិច្ចប្រតិបត្តិការស្រង់គ្រាប់ត្រូវការពេលវេលាច្រើន មុននឹងក្រម ជំនាញអាចចូលទៅដល់គំនរកេសគ្រាប់ផែនការចល័តគ្រាប់ចេញពីនាវា ដើម្បីយកមករក្សាទុកក្នុងឃ្លាំងសុវត្ថិភាព ដែលត្រូវចាប់អនុវត្តនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ ហើយកិច្ចការនេះ និងបន្តរហូតគ្រាប់ត្រូវបានចល័តចេញអស់ពីនាវាចម្បាំង (អាចប្រើរយៈពេលពី៣០ ដល់៥០ថ្ងៃ ទើបយកគ្រាប់អស់) រៀបចំដំឡើងបែរទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ នៅពីលើទីតាំងនាវាដោយមានឧបករណ៍ សម្ភារបំពាក់សម្រាប់ជាមធ្យោបាយចល័តគ្រាប់ឡើងគោក។ នេះបើតាមរបាយការណ៍។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ផែនការស្តារ និងស្រង់ម៉ារីនឡើងគោក ក្រោយយកគ្រាប់ចេញអស់ (និងត្រូវអនុវត្តក្នុងខែមេសា ឆ្នាំ ២០២១ខាងមុខ) ផែនការកំទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្រង់បានពីនាវាចម្បាំង (និងត្រូវអនុវត្តការកំទេចគ្រាប់ ដែលស្រង់បាន ក្នុងខែឧសភា ឆ្នាំ២០២១)។
បើតាមការឱ្យដឹងរបស់មន្ត្រីជំនាញ បានបង្ហើបឱ្យដឹងថា នាវាច្បាំងដឹកគ្រាប់យុទ្ធភ័ណ្ឌនេះ មានប្រវែង ៨ម៉ែត្រ គុណ៤០ម៉ែត្រ និងមានទម្ងន់ជាងរយតោន។ បើតាមការប៉ានស្មាន មានគ្រាប់យុទ្ធភណ្ឌមិនតិចជាងរយតោននោះទេ ឬអាចមានគ្រាប់បែកគីមីថែមទៀតផង ដែលបានកប់នៅក្នុងផ្ទៃទឹកជម្រៅប្រមាណ២៧ម៉ែត្រ៕