(បាត់ដំបង)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម RABITA និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងដោយបានការអញ្ជើញចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង រសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១,០០០គ្រួសារ។
ក្នុងនោះមានស្រុកសង្កែ៥១០គ្រួសារ, ក្រុងបាត់ដំបមាន៣៥០គ្រួសារ និងមកពីស្រុកផ្សេងៗទៀត មាន២៤០គ្រួសារ។ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណ សាលាបឋមសិក្សាឥស្លាមអាលីយ៉ាទុលហាំ ស្ថិតក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានថ្លែងថា ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយក៏ពិតមែន ក៏ប៉ុន្តែតម្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ ក៏នៅតែត្រូវបានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយផ្តល់ជាទូទៅ មិនប្រកាន់ពូជសាសន៍ ព័ណ៌សម្បុរ ឬសាសនាណាមួយឡើយ។ លោកបានបន្ថែមថា កញ្ចប់អំណោយទាំងអស់នេះ គឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបិតាស្ថាបនិក អគ្គមគ្គទេស៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។
លោកបានបញ្ជាក់ថា «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យ លើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ៕