(កំពង់ឆ្នាំង)៖ ស្ត្រីម្នាក់ឈ្មោះ យ៉ាប់ យ៉េត អាយុ៤៥ឆ្នាំ ជាជនពិការជើងម្ខាងខាងឆ្វេងពីកំណើត គឺជាកសិករគំរូម្នាក់រស់នៅក្នុងភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ដោយក្តីព្យាយាមតស៊ូក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ គាត់បានប្រកបមុខរបរចិញ្ចឹមមាន់ស្រែយកពងភ្ញាស់កូនលក់បានដោយជោគជ័យ ដែលអាចរកចំណូលបានសមរម្យ និងសន្សំប្រាក់ធ្វើផ្ទះមួយខ្នងរស់នៅបានយ៉ាងសមរម្យ ដែលមានតម្លៃប្រមាណជិត ១ម៉ឺនដុល្លារ និងទិញបានម៉ូតូថ្មី ១គ្រឿង មានតម្លៃជាង ២,០០០ដុល្លារទៀតផង។
លោក ប្រាង្ញ ផល្លា មន្ត្រីកសិកម្មឃុំច្រេស ស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ដំបូងឡើយនៅក្នុងឆ្នាំ២០១៧ អង្គការអាសស្ប៉ាយបានជួយឧបត្ថម្ភមាន់មេចំនួន ១៨ក្បាល និងមាន់ឈ្មោល ២ក្បាល ផ្តល់ឲ្យចិញ្ចឹមសម្រាប់បន្តពូជ រួមជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ក៏បានជួយបង្រៀនអំពីបច្ចេកទេសចិញ្ចឹមមាន់ដល់ស្ត្រីជាកសិករខាងលើ ដើម្បីមានលទ្ធភាពចិញ្ចឹមមាន់យកពងភ្ញាស់កូន លក់ដោះស្រាយជីវភាពរស់នៅ។
ដោយក្តីអំណត់ព្យាយាម និងតស៊ូក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ កសិករខាងលើបានខិតខំនិងឧស្សាហ៍ព្យា យាមចិញ្ចឹមមាន់ រហូតទទួលបានជោគជ័យ ក្នុងនោះដែរស្ត្រីគំរូបានដាំសូឡាដែលជាចំណីមាន់សម្រាប់ លាយចំណីធម្មជាតិឲ្យមាន់ស៉ីផងដែរ ដើម្បីទទួលបានពងមាន់សម្រាប់ភ្ញាស់យកកូនលក់។
ម្យ៉ាងទៀត គាត់ក៏ចេះធ្វើវ៉ាក់សាំងចាក់ការពារជំងឺមាន់ និងក៏ចេះព្យាបាលជំងឺមាន់តាមបច្ចេកទេស នៃកសិកម្មផងដែរ ទើបធ្វើឲ្យគាត់ទទួលបានជោគជ័យមកដល់ថ្ងៃនេះ។ ជាមួយនឹងការប្រឹងប្រែងរបស់គាត់ អង្គការអាសស្ប៉ាយបានឧបត្ថម្ភនូវទូអគ្គីសនីសម្រាប់ភ្ញាស់កូនមាន់ ១ទៀត សម្រាប់ឲ្យកសិករគំរូខាងលើនេះ មានលទ្ធភាពភ្ញាស់ពងមាន់បានល្អ ប្រកបទៅដោយគុណភាពខ្ពស់។
ជាក់ស្តែង ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ស្ត្រីគំរូបានរកចំណូលយ៉ាងកាក់កប ដោយបានធ្វើផ្ទះថ្មី ១ខ្នងយ៉ាងល្អប្រណិត អស់ប្រាក់ជិត ១ម៉ឺនដុល្លារ ព្រមទាំងបានទិញម៉ូតូថ្មីស៊េរីឆ្នាំ២០២០ ចំនួន ១គ្រឿង ដើម្បីជិះបម្រើក្នុងការប្រកបមុខរបររបស់ខ្លួនផងដែរ។
លោកស្រី យ៉ាប់ យ៉េត ជាកសិករគំរូខាងលើនេះជួបជាមួយអ្នកយកព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា ឆ្លងកាត់ការរៀនសូត្រជាមួយអង្គការអាសស្ប៉ាយនឹងបច្ចេកទេស នៃមន្ទីរសិកម្មខេត្តកំពង់ឆ្នាំង មកដល់ពេលនេះគាត់មានទ្រុងមាន់ចំនួន ៥កន្លែង និងបានដាំសូឡាចំនួន ៤កន្លែងផងដែរ។ ចំណែកមាន់មេមកដល់ពេលនេះ មានចំនួន ១៥០ក្បាល ដែលក្នុង១ខែៗ អាចផ្ដល់ពងមាន់យកមកភ្ញាស់កូនបានពី ៤០០ ទៅ ៥០០ក្បាល។
ចំពោះតម្លៃកូនមាន់វិញនៅពេលវាអាយុបាន ១៤ថ្ងៃ អាចលក់ចេញក្នុងមួយក្បាលថ្លៃ ៤,៥០០រៀល។ លោកស្រីបន្តថា កូនមាន់ទាំងនេះមានម៉ូយមកទទួលទិញយកដល់ផ្ទះ មិនពិបាកដើរលក់នោះឡើយ៕