(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ភាគីពាក់ព័ន្ធអបអរសាទរ ចំពោះការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា «ការងារការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានការសាទរយ៉ាងច្រើនលើសលុបពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោត»។
គ.ជ.ប បានបន្តថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានចំនួន ៨,៨៣១,៩៧១ នាក់ ស្មើនឹង ៨៥.០៦% ធៀបនឹងចំនួនប្រជាពលរដ្ឋប៉ាន់ស្មានសរុបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ ក្នុងនោះប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី នៅឆ្នាំ២០២០ មានចំនួន ២៦៨,៦១១ នាក់ ស្មើនឹង ៨៩.៤២%។ នៅឆ្នាំ២០២០ ប្រជាពលរដ្ឋជាច្រើនបានមកចូលរួមធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោត ដែលធ្វើឱ្យ គ.ជ.ប មានឯកសារជាមូលដ្ឋានសម្រាប់លុបឈ្មោះក្នុងបញ្ជីបោះឆ្នោតបានរហូតដល់ ១៥៤,៧៨៥ នាក់។ ឈ្មោះដែលលុបនោះ គឺអ្នកទទួលមរណភាព អ្នកបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង និងអ្នកបានចុះឈ្មោះលើសពីមួយកន្លែង (ឈ្មោះស្ទួន)។
«តួលេខខាងលើនេះ បង្ហាញនូវលទ្ធផលដ៏ល្អប្រសើរ ដែល គ.ជ.ប ត្រូវតែអរគុណ និងកោតសរសើរចំពោះប្រជាពលរដ្ឋទាំងអស់ដែលទទួលបានព័ត៌មានគ្រប់គ្រាន់ ហើយបានចូលរួមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
ជាមួយគ្នានេះ គ.ជ.ប បានថ្លែងអំណរគុណ ចំពោះគណបក្សនយោបាយទាំងអស់ ជាពិសេសគណបក្សនយោបាយ ចំនួន ១៣ ដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដែលរៀបចំឡើងដោយ គ.ជ.ប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយដែលគណបក្សទាំងនោះ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីក្នុងនាមជាអ្នកបម្រើសេវាជូនម្ចាស់ឆ្នោត រហូតទទួលបានលទ្ធផលមួយល្អ ហើយបានបង្ហាញជំហរគាំទ្របញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០។
ទន្ទឹមនឹងនេះ នៅក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ក៏មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៨ បានដាក់អ្នកសង្កេតការណ៍ជាតិ ចំនួនសរុប ២,២០១ នាក់ ផងដែរ ហើយបានអបអរសាទរចំពោះលទ្ធផលការងាររបស់ គ.ជ.ប ក្នុងឆ្នាំ២០២០។
គ.ជ.ប ក៏បានថ្លែងអំណរគុណ ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ ដែលបានបង្ហាញនូវសច្ចធម៌ ក៏ដូចជាការផ្តល់ភាពយុត្តិធម៌ដល់ស្ថាប័ន គ.ជ.ប ដោយបានគាំទ្របញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ និងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់។
គ.ជ.ប ថែមទាំងថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយអន្តរជាតិដែលរួមមាន សហភាពអឺរ៉ុប (EU) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការមូលនិធិអន្តរជាតិដើម្បីប្រព័ន្ធបោះឆ្នោត (IFES) …។ល។ ដែលបានជួយ ទាំងបច្ចេកទេស សម្ភារ និងច្បាប់ ដើម្បីរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ហើយត្រូវបាន គ.ជ.ប យកមកអនុវត្តតាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្នប្រកបដោយតម្លាភាព និងជោគជ័យ។
ទន្ទឹមនឹងនេះ គ.ជ.ប បានថ្លែងអំណរគុណ ចំពោះស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបតិ្ត និងគណបក្សនយោបាយនានាផងដែរ ដែលបានចូលរួមផ្តល់យោបល់លើបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ នៅដើមឆ្នាំ២០២១នេះ គ.ជ.ប នៅតែបន្តដំណើរការងាររបស់ខ្លួនជាបន្តទៀតផ្អែកលើមូលដ្ឋានច្បាប់ បទបញ្ជា និងនីតិវិធីជាបន្តទៀត។
សូមជម្រាបជូនថា គ.ជ.ប មានគម្រោងនឹងរៀបចំការបោះឆ្នោតសាកល្បង ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ដូចជា៖
* ការប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online)
* ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធ ដូចខាងក្រោម ៖
- កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត
- កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត
- កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត
- កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។
គ.ជ.ប នឹងអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមធ្វើការងារជាមួយគ្នាបន្តទៀត ដើម្បីលើកកម្ពស់ការងារបោះឆ្នោតឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនាមជាខ្មែរ៕