(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២០ នៅកម្ពុជា មានកម្មករនិយោជិតក្នុងវិស័យការងារ និងវិស័យទេសចរណ៍សរុបប្រមាណជាង ៣៤ម៉ឺននាក់ ដែលបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ បានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល។ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះថា រាជរដ្ឋាភិបាលបានចំណាយថវិកាសរុប ២៣ លានដុល្លារ ដើម្បីឧបត្ថម្ភដល់កម្មករនិយោជិតទាំងនេះ។
អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍នេះ បានចាប់ផ្ដើមអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២០ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ហើយបើគិតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ មានចំនួន ៤៥ លើកហើយ។
លោក ហេង សួរ បានបន្តថា ក្នុងឆ្នាំ២០២០ កន្លងទៅនេះ ការព្យួរការងាររបស់កម្មករ និយោជិត ក្នុងវិស័យការងារ និងទេសចរណ៍ មិនដូចគ្នាទេ ប៉ុន្តែ រយៈពេលនៃការព្យួរការងាររបស់កម្មករនិយោជិតទាំងពីរវិស័យធំៗនេះ គិតជាមធ្យមមានរយៈពេល ៤ សប្ដាហ៍។
ខណៈដែលកម្ពុជា រងនូវការរីករាលដាលជំងឺកូវីដ១៩ ដែលបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរលើវិស័យជាច្រើននោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយនានា ក្នុងការជួយដល់រោងចក្រសហគ្រាស និងកម្មករ។ រហូតមកដល់ពេលនេះ ការបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ក្នុងវិស័យការងារ និងទេសចរណ៍ ដែលរងផលប៉ះពាល់ដោយកូវីដ១៩ មានចំនួន៤៥លើកផងដែរ
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក៏បានប្រកាសជួយដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រយៈពេលបីខែបន្ថែមទៀតរហូតដល់ខែមីនា ឆ្នាំ២០២១។
ចំណាត់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាលចំពោះវិស័យខាងលើនេះ រួមមាន៖
* បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ-និយោជិតម្នាក់ដែលបំពេញការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារ ដល់កម្មករ-និយោជិតម្នាក់។
* បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែជូនកម្មករនិយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
* បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។
* បន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន រយៈពេល ៦ ខែបន្តទៀត គឺរហូតដល់ខែកក្កដា ឆ្នាំ២០២១។ ការពន្យារពេលនេះនឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវស្ថានភាពសង្គម សេដ្ឋកិច្ចជាក់ស្តែង។
* បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។
* បន្តលើកលែងការបង់ពន្ធប៉ាតង់ និងពន្ធលើតែមប្រិ៍សារពើពន្ធ (ពន្ធលើស្លាកយីហោ) ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀត។ អ្នកជាប់ពន្ធទាំងនេះ មានកាតព្វកិច្ចត្រូវធ្វើបច្ចុប្បន្នភាពប៉ាតង់។
* កំណត់ឱ្យអ្នកជាប់ពន្ធក្នុងវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២០ យ៉ាងយឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២១ ប៉ុន្តែមិនតម្រូវឱ្យបង់ពន្ធគ្រប់ប្រភេទ៕