(កំពង់ឆ្នាំង)៖ ទូក «ង» ឈ្មោះព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ ស្ថិតនៅក្នុងវត្តវិហារលួង ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីជាង៤០០ឆ្នាំមុន គឺជាទូកដែលមានល្បឿនលឿនអស្ចារ្យដែលត្រូវបាន ព្រះរាជាយកទៅធ្វើសឹកសង្គ្រាមតាមផ្លូវទឹកបានជោគជ័យ ធ្វើឱ្យបច្ចាមិត្តបាក់បបខ្លបខ្លាចសុំចុះចូល និងក៏មានបុណ្យបារមីមហិទ្ធិឫទ្ធិខ្លាំងពូកែ ត្រូវបានប្រជាពលរដ្ឋគោរពបូជា បន់ស្រន់សុំសេចក្តីសុខរហូតដល់សព្វថ្ងៃនេះ។

លោក សេង ប៊ុនហេង អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងទូកងឈ្មោះ ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បាននិយាយរៀបរាប់អំពីប្រវត្តិទូក «ង» នេះកាលពីជាង៤០០ឆ្នាំមុន ឱ្យអង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា បើតាមការចេះចាំពីប្រវត្តិរបស់ទូកងចង្ហាន់ហុយនេះខ្លះៗ គឺមានប្រវត្តិថា ដំបូងឡើយនៅក្នុងអំឡុងឆ្នាំ១៥៦១ កាលណោះគេបានឃើញដើមឈើមួយដើមមានទំហំធំហើយវែងអណ្ដែតទឹកកណ្ដាលទន្លេ រុំព័ទ្ធទៅដោយសារ៉ាយព័ទ្ធជុំជិត។

ខណៈនោះអ្នកខ្លះបានស្រែកលាន់ឮកងរំពងចង់ប្រាប់គ្នីគ្នាឱ្យជួយមកមើល និងចង់ឱ្យមកជួយចាប់ដើម ឈើចងទុកមើលព្រោះជាឈើចម្លែក បន្ទាប់មកក៏បានបបួលគ្នាចុះទូកដោយអ្នកខ្លះមានកាន់ខ្សែពួរ ខ្សែច្រវ៉ាក់ដើម្បីទៅទាក់ឈើនោះចងភ្ជាប់ទៅនឹងដើមឈើនៅមាត់ទឹក ប៉ុន្តែ បន្ទាប់ពីចងដើមឈើជាប់ទៅនឹងដើមឈើមួយដើមទៀតរួចមក ស្រាប់តែមានឰសំឡេង ប្រិបប្រិប បន្ទាប់មកខ្សែច្រវ៉ាក់នឹងខ្សែពួរនោះក៏ដាច់ ហើយឈើនោះក៏អណ្តែតបន្តទៅមុខទៀត។ ដោយអណ្ដែតឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ប្រជាពលរដ្ឋជាច្រើនភូមិបានទាក់ឈើចងភ្ជាប់ទៅនិងដើមឈើដូចៗគ្នា តែមិនអាចទាក់ចងជាប់នោះឡើយ ដោយឈើនោះនៅតែដាច់ខ្សែជាបន្តបន្ទាប់ អ្នកស្រុកបានត្រឹមតែឈរមើលដោយមានការសោកស្ដាយ ដែលមិនអាចទាក់ចងឈើនោះជាប់ ដើម្បីទុកគ្រាន់មើលដោយសារតែឈើនោះជាឈើចម្លែក។

ជួនជានៅយប់មួយយាយចាស់ម្នាក់ជាអ្នករក្សាសីល៨ ដែលអ្នកស្រុកប្រុសស្រីនិយមកោតខ្លាច គោរពវន្ទានៅក្នុងភូមិ បានសុបិនឃើញអ្នកសច្ចំស្លៀកសពាក់សមកពន្យល់សុបិនប្រាប់គាត់ថា កុំឱ្យគេឯងរាល់គ្នាប៉ះពាល់ដល់ព្រះបារមី បើអ្នកឯណាក្តីចង់បានព្រះមេលំឈើដ៏មានមហិទ្ធិរិទ្ធិដែលអណ្ដែតតាមទឹកនេះ សូមកុំយកខ្សែពួរ ខ្សែច្រវ៉ាក់ មកចងមកស្ទាក់ធ្វើអី គឺគ្រាន់តែធ្វើពិធីបួងសួងអន្ទងបារមីហើយយកអំបោះ៧សរសៃ ទាក់ទាញដោយដៃបានណាស់ទៅហើយ។

លុះភ្ញាក់ឡើងដោយដឹងខ្លួនថា មានសុបិនចម្លែកលោកយាយក៏ជជែកប្រាប់អ្នកជំនិតឱ្យបានដឹងគ្រប់ៗគ្នា និងបង្គាប់គេថា ត្រូវធ្វើបែបហ្នឹងកុំសញ្ចឹងគិតវែងឆ្ងាយខ្លាចខាតពេលវេលាព្រោះឈើនោះ និងអណ្តែតមកដល់ទីនេះយ៉ាងឆាប់នៅមិនយូរនោះឡើយ លោកយាយជាអ្នកមានវ័យចំណាស់ជាងគេនៅក្នុងភូមិព្រមទាំងជាអ្នកដែលគេគោរពស្ដាប់បង្គាប់រាប់រក និងគួរឱ្យកោតខ្លាច ព្រោះការរស់នៅរាល់ថ្ងៃជាឧបាសិការរក្សាសីល៨យ៉ាងទៀងទាត់ប្រាកដប្រជាយ៉ាងត្រឹមត្រូវចូលចិត្តប្រៀនប្រដៅកូនចៅប្រុសស្រីឱ្យប្រព្រឹត្តសុច្ចរិត យុត្តិធម៌ខំធ្វើតែអំពើល្អ ពេលនោះអ្នករាល់គ្នា ក៏បានរៀបចំគ្រឿងរណ្តាប់គ្រប់បែបយ៉ាង តាំងពិធីការបូជា បួងសួងសូមព្រះបារមីដោយក្តីគោរពបានចប់សព្វគ្រប់តាមការបង្គាប់របសលោកយាយ។

ស្រាប់តែនៅវេលាព្រឹកឡើង ឈើក៏បានអណ្តែតមក ដល់ ដែលប្រជាពលរដ្ឋគ្រប់គ្នា មើលស្ទើរពុំស្គាល់ ព្រោះមានសារាយរុំព័ទ្ធជុំជិត តែដោយហេតុបានដឹងបានឮពីអ្នករស់នៅខាងលើតៗមក ពួកគាត់ក៏សន្មត់ថា គឺជាឈើនោះឯង ទើបនាំគ្នាលើកដៃសុំពះបួងសួង សុំក្តីសន្តោសប្រោសប្រណី និងសូមអញ្ជើញព្រះបារមីមកគង់មកឈប់ដោយក្តីមេត្តាអនុគ្រោះ ហើយក៏បាននាំគ្នាយកអំបោះទាំង ៧សរសៃយកទៅចងដើមឈើអណ្ដែតដ៏ធំនោះ អូសមកមាត់កំពង់បានដល់ដូចបំណងដែលបានប៉ងប្រាថ្នា ហើយក៏បាននាំគ្នារក្សាទុកឱ្យគង់វង្សនៅទីនោះ។ ក្រោយមកដំណឹងនេះក៏បានលិចឮដល់ស្ដេចផែនដី សមដែលព្រះ អង្គបានរៀបផែនការឱ្យពលសេនាដើរស្វែងរកឈើធ្វើទូកចម្បាំងសម្រិតសម្រាំងសម្រាប់ប្រទេសជាតិផងនោះ ធ្វើឱ្យព្រះអង្គចាប់អារម្មណ៍បង្ខំព្រះទ័យឆៀងចូលមកមើល និងពេញព្រះទ័យព្រះអង្គ និងបានចាត់ឱ្យទាហានជើង ទឹកយកឈើនោះមកធ្វើទូកចំបាំងតែម្តង។

សូមបញ្ជាក់ថា នាសម័យនោះព្រះរាជាដែលគ្រងរាជ្យសម្បត្តិ មានព្រះនាម ព្រះបាទស្រីសុគន្ធបទ ហើយមហាឧបរាជ្យគ្រប់គ្រងកងទ័ព ជាព្រះអនុជព្រះនាម ច័ន្ទរាជា ដែលស្ថិតក្នុងគ្រិស្តសករាជ១៥១១ ពុទ្ធសករាជ ២០៥៥។

បន្ទាប់ពីពួកទាហានជើងទឹកដែលជាអ្នកធ្វើទូកបានដកទ័ពចេញទៅធ្វើសង្រ្គាមអស់ ហើយការធ្វើទូកក៏ទើប តែចាប់ផ្តើមកាត់ចាំងបានតែបន្តិច ពេលនោះប្រជាពលរដ្ឋនៅក្នុងភូមិក៏បាននាំគ្នាទៅជួបព្រះចៅអធិការមួយអង្គដែលគង់នៅក្នុងវត្តព្រះពុទ្ធលាយល័ក្ខណ៍ ព្រះនាមជ័យ ដែលគ្រប់គ្នានិយមហៅថាព្រះមង្គលសត្ថាជ័យ ហើយបានថ្វាយបង្គំទូលព្រះចៅអធិការពីដំណើរដើមទងនៃដើមឈើមួយដើមនេះហើយបានប្រគេនដើមឈើព្រះគគីថ្វាយព្រះចៅអធិការវត្តព្រះពុទ្ធលាយលក្ខ័ ព្រះនាមជ័យ ព្រោះខ្លាចដល់ខែវស្សាទឹកលិចអណ្តែតរសាត់បាត់ ពេលស្ដាប់ចប់ព្រះចៅអធិការក៏បានទទួលយកឈើមួយដើមនោះយកមកធ្វើជាទូកបន្ត។

ព្រះគ្រូចៅអធិការបានរិះរកឈ្មោះដាក់ឱ្យទូកថា កាលឈើអណ្តែតលើទឹកឃើញតែសារាយលុះយកទូកទៅលាក់ក្នុងព្រៃក៏សារាយគ្របជិតដែរ ហេតុនេះតាំងពីដើមដល់ចប់បានរៀបរាប់គ្រប់សព្វជាប់តែរឿងសារាយច្រើនជាងគេ ដូច្នេះគួរតែយកសារាយជាធំ ដោយបានដាក់ឈ្មោះអោយថា(សារាយអណ្ដែត)ហើយទាំង អស់គ្នាក៏ហ៊ោរសប្បាយឡើង ទើបប្រកាសផ្សព្វផ្សាយឈ្មោះនេះជាផ្លូវការតែម្តង។

ទូកសារាយអណ្ដែតចង្ហាន់ហុយខាងលើនេះ ត្រូវបានព្រះគ្រូចៅអធិការព្រះនាមមង្គលសេដ្ឋាជ័យ គង់នៅវត្តវិហារលួងបានកសាងឡើងនៅក្នុងអំឡុងឆ្នាំ១៥៦១ ប៉ុន្តែកាលណោះទូកងនេះ គឺជាទូកអុំដែលមានចំណុះមនុស្ស ៣៦នាក់ ហើយទូកនេះមានល្បឿនលឿនណាស់។

ក្រោយមកពេលស្រុកមានសង្គ្រាមលោកគ្រូចៅអធិការវត្តវិហារលួង លោកក៏បានយកទូកទៅថ្វាយព្រះរាជាសម្រាប់ទុកធ្វើសឹកសង្គ្រាមដោយព្រះរាជាបានដាក់ឈ្មោះទូកនោះថាទូកទិព្វ។ ដោយឡែកក្នុងពេលធ្វើសឹកសង្រ្គាមទូកមួយនេះត្រូវបានបច្ចាមិត្តបាក់បបខ្លបខ្លាចពេលឃើញទូកនេះក៏រត់បាក់ទ័ព និងខ្លះសុំចុះចូលជាពលសេនាជាបន្តបន្ទាប់ ធ្វើឱ្យសឹកសង្រ្គាមទទួលបានជោគជ័យគ្រប់ទីកន្លែង ក្រោយមកព្រះរាជាក៏បានយកទូកនេះទៅទុកនៅក្រុងលង្វែក ដោយបានដាក់ឈ្មោះថា ព្រះទីនាំងចក្រព័ត្រ។ ប៉ុន្តែក្រោយមកដោយសារទីក្រុងលង្វែកមិនអាចទុក ដាក់ទូកនេះបានស្រួល ព្រះរាជាក៏បានយកទូកងនេះមកផ្ញើនិងព្រះគ្រូចៅអធិការវត្តវិហារហ្លួង ព្រះនាមមង្គលសេដ្ឋាជ័យវិញ។

សម័យកាលថ្ងៃមួយព្រះគ្រូចៅអធិការក៏បានបបួលសិស្សគុណចេញទៅបិណ្ឌបាត្រ និងប្រោះសត្វនៅដែនមហានគរ គឺ (អង្គរវត្ត) ដោយវិជ្ជាបារមីពូកែសាកសិទ្ធ ពុទ្ធបរិស័ទនៅមហានគរ ក៏បានឈរភ្លឹកមើលសម្រស់ទូកដ៏លឿននេះ ហ្នឹងអ្នកខ្លះក៏បានដាក់បាត្រជូនព្រះគ្រូចៅ អធិការដោយមិនដឹងខ្លួន។ ហើយនៅពេលព្រះគ្រូចៅ អធិការត្រឡប់មកដល់វត្តវិញ គឺចង្ហាន់ដែលពុទ្ធបរិស័ទបានដាក់ប្រគេនលោក គឺនៅក្តៅហុយៗនៅឡើយ ទើបព្រះគ្រូចៅអធិការក៏ដូចជាពុទ្ធបរិស័ទបានដាក់ឈ្មោះទូកងនេះថា ទូកងចង្ហាន់ហុយ ចាប់ពីពេលនោះមក។

លុះក្រោយមកទៀត ព្រះគ្រូចៅអធិការក៏បាននាំសិស្សគុណនិមន្តទៅបិណ្ឌបាត្រនៅដែនមហានគរនេះដូចសព្វដង ប៉ុន្តែពេលត្រឡប់មកវិញសិស្សគុណក៏បានឈ្លោះ ប្រកែកគ្នាខុសតំណម នៅពេលមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែត្រូវសត្វឆ្លាម១ក្រុមមកកាត់ទូក ធ្វើឱ្យបែកបាក់ខូចខាតអស់មួយភាគ៣ នៃទូក។ ដែលកាលនោះបំណែកម្ខាងរបស់ទូកដោយសារល្បឿនលឿនបានរត់មកដល់វត្តវិហារលួងវិញ និងបំណែកម្ខាងទៀតបានរត់ទៅដល់ដែនមហានគរវិញ។ ក្រោយមកបំណែកទូកទាំងពីរនេះក៏ត្រូវបានពុទ្ធបរិស័ទ និងព្រះគ្រូចៅអធិការវត្តវិហារហ្លួង កសាងធ្វើជាពុទ្ធបដិមាករដោយដាក់ឈ្មោះថា ព្រះអង្គចង្ហាន់ហុយ។ ចំណែកបំណែកមួយទៀតក៏ត្រូវបានពុទ្ធបរិស័ទនៅមហានគរកសាងជាព្រះពុទ្ធបដិមាករដូចគ្នា ស្ថិតនៅក្នុងវត្តព្រហ្មរតន៍ ក្នុងខេត្តសៀមរាប (ដែនមហានគរ)។

លោក សេង ប៊ុនហេង បានបញ្ជាក់ថា មកដល់សម័យកាលយើងនេះ គឺនៅក្នុងអំឡុងឆ្នាំ២០០៧ ព្រះគ្រូចៅអធិការវត្ត វិហារហ្លួង និងពុទ្ធបរិស័ទក៏បានកសាងទូកងថ្មីមួយគ្រឿង ដោយបានយកបំណែកទូកងចង្ហាន់ហុយចាស់ មកបញ្ចុះជាមួយនិងទូកថ្មីដែលទូកនេះមានបណ្ដោយប្រវែង ២៩ម៉ែត្រកន្លះ និងមានចំណុះជើងចែវចំនួន ៤៦នាក់ បូកនិងអ្នកបាចទឹកទូក១នាក់ និងអ្នករាំក្បាលទូក១នាក់ផង គឺទូកចែវព្រះទីនាំងសារាយអណ្ដែ តចង្ហាន់ហុយនេះមានចំណុះមនុស្ស ៤៨នាក់។

លោកបានបន្តឱ្យដឹងទៀតថា ចាត់តាំងពីទូកចង្ហាន់ហើយនេះ បានកសាងរួចរាល់មកដល់ពេលនេះទូកនេះបានចូលរួមប្រកួតប្រជែង និងប្រលងប្រណាំង ក្នុងពិធីបុណ្យអុំទូកបានចំនួន ៩លើករួចមកហើយ ដែលក្នុងនោះ គឺ៨លើកទទួលបានចំណាត់ថ្នាក់លេខ១ និងមួយលើកទទួលបានចំណាត់ថ្នាក់លេខ២។ ដោយឡែកទូកងចង្ហាន់ហុយក៏ បានទទួលពានសរុបចំនួន១១ពាន ក្នុងនោះក៏មានពានសោភ័ណភាពលេខ១ ប្រចាំប្រទេសកម្ពុជាផងដែរ។

ដោយឡែកព្រះអង្គគ្រូសូត្រស្ដាំ គង់ក្នុងវត្តវិហារហ្លួងខាងលើនេះ ព្រះអង្គក៏បានអំពាវនាវដល់ពុទ្ធ បរិស័ទជិតឆ្ងាយមេត្តាចូលរួមឧបត្ថម្ភដល់ទូក ង ព្រះទីនាំងសារាយ អណ្ដែតចង្ហាន់ហុយនេះ នៅពេលចូលរួមប្រកួតលើកក្រោយៗទៀត ដោយសារតែទូកនេះ មានប្រវត្តិដែលមានមហិទ្ធិឫទ្ធិ និងអនុភាពខ្លាំងពូកែ តាំងពីជាង៤០០ឆ្នាំមុន រហូតមកដល់សព្វថ្ងៃនេះ ដែលមានប្រជាពុទ្ធរិស័ទមកពីទីជិតឆ្ងាយ តែងតែបានមកបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា នៅរាល់មានពិធីបុណ្យទានក្នុងវត្តម្តងៗមិនដែលខាននោះឡើយ៕

\