(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចបន្ថែមថវិកាសរុប៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៨ ខែមករានេះ។

បើតាម លោកស្រី យក់ សម្បត្តិ, ខេត្តជាប់ព្រំដែនចំនួន៤នោះមាន ខេត្តប៉ៃលិនទទួលបានថវិកាបន្ថែម២០០លានរៀល ខេត្តបាត់ដំបងទទួលបាន២០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល និងខេត្តឧត្តរមានជ័យទទួលបានថវិកាបន្ថែម១០០លានរៀល។ ថវិកាទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលផ្ទេរទៅកាន់គណៈអភិបាលខេត្តរួចរាល់ហើយ។

ក្រៅពីបន្ថែមថវិកានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឧបត្ថម្ភសម្ភារៈប្រើប្រាស់ចំនួន៨ពាន់ឃីត ជូនខេត្តទាំង៤ផងដែរ ដោយក្នុងមួយខេត្តៗ ទទួលបានឃីតចំនួន២ពាន់ ដោយឃីតទាំងនោះចាប់ផ្តើមដឹកចេញទៅកាន់មូលដ្ឋាន នៅយប់នេះតែម្តង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភ ថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ខាងលើនេះផងដែរ ដើម្បីរៀបចំធ្វើចត្តាឡីស័ក។ ខេត្តទាំង៤ជាខេត្តដែលទទួលបន្ទុក រៀបចំធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ គ្រាដែលប្រទេសនេះ មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន កាន់តែធ្ងន់ធ្ងរឡើង៕