(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១នេះ មានសិស្សសិក្សាជិត ៤លាននាក់។ ក្នុងនោះសិស្សថ្នាក់មត្តេយ្យ និងចំណេះដឹងទូទៅទាំងរដ្ឋ និងឯកជន មានប្រមាណ ៣លាន ៥សែននាក់ សិស្សស្រីមានប្រមាណ ៤៩ភាគរយ។ ដោយឡែកថ្នាក់ឧត្តមសិក្សាទាំងរដ្ឋ និងឯកជន មានប្រមាណ ២១ម៉ឺននាក់ និស្សិតស្រីប្រមាណ ៤៦ភាគរយ។
លោករដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងឱ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម។ ពិធីបើកបវេសនកាលដែលធ្វើឡើងនៅខេត្តកំពង់ចាម ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
លោក ហង់ជួន ណារ៉ុន បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះកម្ពុជា មានគ្រឹះស្ថានមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានប្រមាណ ១៨,០០០។ ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ ៣ពាន់កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣,៥០០ និងគ្រឹះស្ថានសិក្សាឯកជន ១,៥០០។
គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមានចំនួន ១២៥ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងឯកជន ៧៧។ និស្សិតកំពុងសិក្សានៅឧត្តមសិក្សាមានប្រមាណ ២១ម៉ឺន និស្សិតស្រីប្រមាណ ៤៦ភាគរយ។
ជាមួយនឹងការបើកបវេសនកាលឆ្នាំសិក្សាថ្មីក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ លោក ហង់ជួន ណារ៉ុន បានជំរុញឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ស្ដីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាព អប់រំកាយនិងកីឡា សកម្មភាពសិល្បៈនិងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រីអប់រំ ក៏បានគូសបញ្ជាក់ដែរថា ដើម្បីធានាបានការអប់រំមួយល្អប្រសើរក្នុងបរិបទកូវីដ១៩នេះ ក្រសួងបានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សាសម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សា មត្តេយ្យសិក្សាសហគមន៍ គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដោយផ្តោតលើរៀបចំសិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សា និងមេរៀនសិក្សា និងការអនុវត្តកម្មវិធីសិក្សាបង្រួញ។
បន្ថែមពីលើនោះ ដើម្បីធានាដំណើរការគ្រឹះស្ថានសិក្សាសាធារណៈប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ ព្រមទាំងចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ ក្នុងអំឡុងពេលនៃការបើកបវេសនកាល និងដំណើរការឆ្នាំសិក្សា ២០២០-២០២១ ក្រសួងបានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការសុវត្ថិភាពសិក្សាក្នុងបវេសនកាលឆ្នាំសិក្សា២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈផងដែរ។
សូមបញ្ជាក់ថា បវេសនកាលដែលធ្លាប់តែធ្វើឡើងនៅក្នុងខែវិច្ឆិកា នៃចុងឆ្នាំនីមួយនោះ នៅឆ្នាំសិក្សាឆ្នាំ២០២០-២០២១នេះ ត្រូវបានពន្យារ និងលើកមកធ្វើនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះវិញ។ ពិធីបើកបវេសនកាលត្រូវបានប្រារព្ធធ្វើឡើងតាមការគ្រោងទុក ដែកក្នុងបរិយាកាសសង្គមថ្មី គឺបរិយាកាសមួយដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩។
បវេសនកាលឆ្នាំនេះត្រូវបានធ្វើឡើងក្រោមទស្សនទានថ្មី គឺ«គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»។ ជាមួយការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្តល់នូវការរៀនសូត្រដល់សិស្សានុសិស្ស និស្សិតតាមគ្រប់រូបភាព ក្នុងអំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
តាមរយៈការថ្លែងសារបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ សម្តេចតេជោ បានលើកឡើងថា ថ្វីត្បិតឆ្នាំនេះ កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដ៏មានសារៈសំខាន់នេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវវិធានការមួយចំនួនដែលរាជរដ្ឋាភិបាលបានអនុវត្តន៍នៅក្នុងឆ្នាំសិក្សាចាស់ ដើម្បីធានាដល់ដំណើរការនៃការអប់រំក្នុងបរិបទជំងឺកូវីដ១៩។
បើតាមសម្តេចតេជោ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព ឆ្លើយតបនឹងការបង្ការនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្តោតលើ៖ ១). ការអនុវត្តវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ២) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន ៣) ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចម្ងាយ និង ៤) ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាបីដំណាក់កាល។
សម្តេចតេជោ បានបន្ថែមថា «វិធានការទាំងអស់នេះបានធានាឱ្យសិស្សានុសិស្ស និស្សិតនៅគ្រប់ភូមិសិក្សានៅតែបន្តទទួលបានសេវាអប់រំតាមរូបភាព “ការអប់រំតាមបែបចម្រុះ” មានន័យថា សិស្សរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផង ជាពិសេសក្រសួងអប់រំយុវជន និងកីឡាបានខិតខំជំរុញការអប់រំតាមបែបឌីជីថល ឬការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណីដោយប្រើប្រាស់សន្លឹកកិច្ចការ និងមេរៀនសង្ខេប ដោយបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដូចជាការរៀបចំផលិត និងផ្សព្វផ្សាយ វីដេអូបង្រៀន ការបង្កើតប្រព័ន្ធទូរទស្សន៍តេជោធីវី “ទទក២” និងការផ្សព្វផ្សាយវីដេអូបង្រៀនតាមបណ្តាញផ្សព្វផ្សាយផ្លូវការដទៃទៀត»។
សម្តេចតេជោ បានគូសរំលេចដែរថា ក្រសួងអប់រំយុវជន និងកីឡាក៏បានអនុវត្តវិធានការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ន នៅកន្លែងណាដែលមានហានិភ័យនៃការឆ្លងកូវីដ-១៩ និងអនុញ្ញាតឱ្យបើកឡើងវិញជាដំណាក់កាលៗ ដែលប្រការនេះអាចធានាបានទាំងសុវត្ថិភាពសុខភាពរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងធានាបាននូវការរៀន សូត្ររបស់សិស្សានុសិស្ស និស្សិត រហូតដល់ឆ្នាំសិក្សា២០១៩-២០២០ ត្រូវបានប្រកាសបិទបញ្ចប់នៅចុង ខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយនឹងការបើកបវេសនាកាលឆ្នាំថ្មីក្នុងស្ថានភាពសង្គមនៅញ៉ាំញីដោយជំងឺកូវីដ១៩នៅឡើយនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំ និងផ្តល់អនុសាសន៍ចំនួន១២ចំណុច ដល់ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍ ដើម្បីធានាដល់ដំណើរការអប់រំប្រកបដោយភាពល្អប្រសើរ៕