(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហម ស្រុកពាក់ព័ន្ធ ព្រមទាំងជួរថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ ស្ថាប័នមន្ទីរ អង្គភាព អអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប ចុះធ្វើការផ្ដល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រប្រមាណ១០០គ្រួសារ នៅស្រុកកំពង់ត្រាច និងស្រុកដងទង់ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដែលរៀបចំពិធីនៅសាលាវិទ្យាល័យព្រះបិតាជាតិ ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។
ក្នុងពិធីផ្ដល់អំណោយនោះ លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោល ឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ។
អភិបាលខេត្ត បានបន្តថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រាផងដែរ។ ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹក ក៏ដូចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
អំណោយកាកបាទក្រហម ដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ, ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល។ ព្រមទាំងបានឧបត្តម្ភ ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម បុគ្គលិកពេទ្យ នគរបាល កងរាជអាវុធហត្ថ សរុបចំនួន ៤២ម៉ឺនរៀលផងដែរ៕