(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវថ្មីមួយខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំណាត់ផ្លូវថ្មី១ខ្សែនេះ ពីមុនមកមិនអាចធ្វើចរាចរណ៍ ទៅមកបានឡើយ តែដោយការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកទំលាយកំណាត់ផ្លូវ១ខ្សែនេះ បានជោគជ័យ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។
ដើម្បីជំរុញការងារនេះ ឲ្យបានលឿន និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នាវេលាថ្ងៃត្រង់ទី១១ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំអាជ្ញាធរសង្កាត់និងមន្ត្រីជំនាញ ចុះពិនិត្យការដ្ឋាន និងបានជំរុញឲ្យក្រុមការងារ ដែលបាននិងកំពុងអនុវត្តលើការងារនេះ អនុវត្តការងារឲ្យបានត្រឹមត្រូវ ទៅតាមទំហំផ្លូវដែលមាននៅក្នុងគម្រោង។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា កំណាស់ដែលបាននិងកំពុងស្ថាបនានេះ ជាកំណាត់ផ្លូវថ្មីលេខ៦០៨ មានប្រវែងជិត៣០០ម៉ែត្រ ចាប់ពីផ្លូវលេខ៥៦៦ ដល់ផ្លូវលេខ២៨៣ និងពីផ្លូវលេខ២៨៣ដល់ផ្លូវលេខ៦១០ ក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី១ និងបឹងកក់ទី២ ខណ្ឌទួលគោក។ មានទទឹងចាប់ពី៨ម៉ែត្រ ទៅ១៦ម៉ែត្រ។ ដោយបានត្រួសត្រាយតាំងពីអំឡុងឆ្នាំ២០១៧ ដែលកាលពីមុននោះ ផ្លូវនេះកន្លែងខ្លះ មានទទឹងត្រឹម២ម៉ែត្រប៉ុណ្ណោះ ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។
លោកបន្តថា កំណាត់ផ្លូវនេះ ខណៈនេះក្រុមការហារកំពុងធ្វើគ្រឹះ ក្រោយពីធ្វើគ្រឹះរួច អ៊ុតកៅស៊ូ AC តែម្តង។
លោក ឯក ឃុនដឿន បានបញ្ជាក់ទៀតថា សំរាប់ខណ្ឌទួលគោកនៅពេលនេះ មានផ្លូវចំនួន៨ខ្សែហើយ ដែលត្រូវស្ថាបនា និងជួលជុលឡើងវិញ ក្នុងនោះមាន កំណាត់ផ្លូវថ្មីលេខ៦០៨នេះ ប្រវែងជិត៣០០ម៉ែត្រ ចាប់ពីផ្លូវលេខ៥៦៦ ដល់ផ្លូវលេខ២៨៣ និងពីផ្លូវលេខ២៨៣ ដល់ផ្លូវលេខ៦១០ ក្នុងភូមិសាស្ត្រ សង្កាត់បឹងកក់ទី១ និងបឹងកក់ទី២ ខណ្ឌទួលគោក។ ផ្លូវលេខ៣២៩ ចាប់ពីផ្លូវលេខ៥៩៤ដល់ ផ្លូវ៥៩៦។ ផ្លូវលេខ៥៩៤ ចាប់ពីផ្លូវលេខ៥៩៦ ដល់ផ្លូវលេខ៣១៧។ ផ្លូវលេខ៦០០ ចាប់ពីផ្លូវលេខ៣១៣ ផ្លូវលេខ ៦០៦។ ផ្លូវលេខ២៨៥ ចាប់ពីផ្លូវលេខ៥១៦ ដល់ផ្លូវ៦០៨។ ផ្លូវលេខ៥៥៦ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។ ផ្លូវលេខ៥៦០ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥ និងផ្លូវលេខ២៦២ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។
អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង មានផ្លូវជាច្រើនខ្សែរួចមកហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការជួសជុលកែលំអរឡើងវិញ ក្នុងចំណោមផ្លូវទាំង២៩ខ្សែ ដែលត្រូវស្តារឡើងវិញ បន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ ក្នុងនោះ មានផ្លូវខ្លះត្រូវធ្វើគ្រឹះជាថ្មី ផ្លូវខ្លះអ៊ុតកៅស៊ូជាថ្មីជាដើម ទៅតាមស្តង់ដារបច្ចកទេស៕