(សៀមរាប)៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ ភ្ញៀវទេសចរ និងសាធារណជន ដែលរស់នៅ និងមកកម្សាន្តនៅទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ បានបង្ហាញការគាំទ្រ ឱ្យមានការអនុវត្តវិធានការ ចំពោះក្រុមក្មេងៗទំនើង ដែលបានជិះម៉ូតូបំពាក់ឧបករណ៍បំពងសំឡេង និងក្រុមក្មេងស្ទាវជិះម៉ូតូក្នុងល្បឿនលឿន ហួសកំណត់នៃច្បាប់ចរាចរណ៍ផ្លូវគោក ដែលធ្វើឱ្យមានការរំខាន និងប៉ះពាល់ដល់ការរស់នៅ និងកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ការប្រកាសគាំទ្រនូវចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋនៅក្រុងសៀមរាបបានបញ្ជាក់ថា ពួកគាត់មានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរមានសត្ថកិច្ចនៅខេត្តសៀមរាប នឹងចាត់វិធានការចំពោះក្មេងទំនើងឱ្យបានតឹងរ៉ឹង និងមានប្រសិទ្ធិភាពបំផុត ក្នុងការអនុវត្តតាមប្រសាសន៍របស់សម្ដេចក្រឡាហោម សម្រាប់អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ប្រជាពលរដ្ឋបន្តថា នៅតាមបណ្ដាដងវិថីផ្លូវថ្នល់មួយចំនួន នៅក្រុងទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប-អង្គរ គេបានឃើញមានក្រុមក្មេងៗ ក៏ដូចជាក្រុមជនបរទេសមួយចំនួន បានជិះម៉ូតូដោយបំពាក់នូវឧបករណ៍បំពង់ស៊ីម៉ាំងបំពងសំឡេងខ្លាំងៗ និងជិះម៉ូតូលឿនៗ ដែលធ្វើឱ្យមានការរំខាន និងប៉ះពាល់ដល់ភ្ញៀវទេសចរ និងអ្នកដែលបានរស់នៅក្រុងសៀមរាប ក៏ដូចជាបណ្ដាសាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងគ្រឹះស្ថានសិក្សា និងបានបង្ករការរំខាន ដល់កាលធ្វើដំណើររបស់សាធារណជន ក៏ដូចជាការប្រកបរបររកស៊ីរបស់បណ្ដាអាជីករ ប្រតិបត្តិករទេសចរណ៍មួយចំនួនផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «បច្ចុប្បន្ននៅក្នុងក្រុងម៉ូតូធំៗ ម៉ូតូហាក់ឡីជាដើម ស្នើក្រសួងសាធារណការ បញ្ជូនផ្លាកលេខមកប៉ូលិស ដើម្បីឲ្យដឹងអាសយដ្ឋានម៉ូតូហ្នឹង ព្រោះម៉ូតូនេះសុទ្ធតែក្មេងទំនើងជិះ វាជិះហើយវាដកបំពុងស៉ីម៉ាំងចេញ។ បើវាជិះមុខផ្ទះយើង បើដេកកំពុងតែស្ងប់ដឹងតែភ្ញាក់, សម្ដេចនាយករដ្ឋមន្ដ្រី ធ្លាប់រអ៊ូលើបញ្ហានេះនៅម្ដុំវិមានឯករាជ្យ»។
សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា កន្លងទៅអ្នកជិះម៉ូតូធំៗនេះ គឺជិះលឿនៗ ហើយខ្លះបានបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពេលខ្លះរំខានដល់ដំណេករបស់ថ្នាក់ដឹកនាំថែមទៀតផង ដូច្នេះមន្ដ្រីនគរបាល ត្រូវឃ្លាំមើលសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់អត្តសញ្ញាណ និងអាសយដ្ឋានអ្នកជិះម៉ូតូទាំងអស់នេះ។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៀតថា ករណីម៉ូតូធំបង្កជាសំឡេងរំខាន នេះត្រូវតែលុបបំបាត់ ដោយមិនត្រូវឲ្យមានបន្ដទៀតនៅក្នុងសង្គមឡើយ៕