(ភ្នំពេញ)៖ រយៈពេល២ឆ្នាំមកហើយ ដែលសហគមន៍អឺរ៉ុប បានដាក់ពន្ធលើការនាំចេញអង្កររបស់កម្ពុជា។ ជុំវិញការយកពន្ធក្រោមហេតុផលថា ដើម្បីជួយដល់កសិកររបស់ខ្លួននេះ ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជា នៅតែលើកឡើងថា ជារឿងមួយអយុត្ដិធម៌ និងមិនបានជួយអ្វីទាល់តែសោះ ដល់កសិករអឺរ៉ុបខ្លួនឯង។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការដាក់ពន្ធលើអង្កររបស់កម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ នូវការនាំចេញអង្ករស ប្រមាណ៦-៧ម៉ឺនតោន ហើយប្រទេសដែលបានជំនួសនោះ គឺប្រទេសឥណ្ឌា និងប្រទេសវៀតណាម។

ថ្លែងក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ឧកញ៉ា សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ពន្ធមកកម្ពុជា កាលពីឆ្នាំ២០១៩ គឺខុសមែនទែន វាអត់ត្រូវទាន់តែសោះ [...] ផ្ដល់ប្រយោជន៍ដល់កសិករគាត់ គឺអត់មានចុងក្រោយមកទិញដដែល [...] វាជារឿងអយុត្ដិធម៌មួយដល់កម្ពុជា»

បន្ថែមពីនោះទៀត ឧកញ៉ា សុង សារ៉ន បានបន្ដថា នៅពេលផុតឆ្នាំ២០២១ ដែលជាឆ្នាំយកពន្ធនោះ កម្ពុជាសង្ឃឹមថា នៅឆ្នាំ២០២២ នឹងទទួលបាននូវការ រួចពន្ធវិញ ហើយអង្ករសរបស់កម្ពុជា នឹងអាចមានកំណើន នូវការនាំចេញហក់ឡើងវិញ ប្រមាណ៦-៧ម៉ឺនតោន ដែលបានបាត់បង់។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា កម្ពុជាបានប៉ះពាល់ខ្លាំង ទៅលើអង្ករស ដោយធ្លាក់ចុះប្រហែល៧ម៉ឺនតោន ក្នុងឆ្នាំ ដែលសហគមន៍អ៊ឺរ៉ុប សម្រេចយកពន្ធ។ ដោយឡែក អង្ករក្រអូបនៅតែឈរជើងបានដដែល ដោយក្នុងមួយឆ្នាំ នាំចេញបានប្រមាណ២០ម៉ឺនតោន។

លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា សហគមន៍អឺរ៉ុប គួរគែកុំចេះតែធ្វើបាបដល់ប្រទេសតូចតាច ហើយវាជារឿងអយុត្ដិធម៌ សម្រាប់ប្រទេសតូច ហើយលោកជឿជាក់ថា ឆ្នាំ២០២២ សហគមន៍អឺរ៉ុបនឹងគិតឡើងវិញ ថាតើការសម្រេចចិត្ដនៅឆ្នាំ២០១៩ មកលើប្រទេសកម្ពុជា លើការយកពន្ធ។

លោកឧកញ៉ា សុង សារ៉ន បានបន្ថែមទៀតថា កម្ពុជានៅតែបន្ដពន្យល់ទៅសហគមន៍អឺរ៉ុប ឲ្យបានយល់ថា កម្ពុជាជាប្រទេសមួយ ដែលស្អាតស្អំ ហើយការដាក់ពន្ធលើអង្ករកម្ពុជា គឺអត់មានបានប្រយោជន៍ពិតប្រាកដ ដូចអ្វីដែលសហគមន៍អឺរ៉ុបចង់បាននោះឡើយ។

សូមបញ្ជាក់ថា ការយកពន្ធអង្ករកម្ពុជា ពីសហគមន៍អឺរ៉ុប បានចាប់ផ្ដើមអនុវត្ដ នៅឆ្នាំ២០១៩ ហើយការយកពន្ធនេះ គឺមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ចំពោះការនាំចេញអង្ករ ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅអឺរ៉ុប ចំនួន២០៣,៧៩១តោន, ឆ្នាំ២០១៩ ចំនួន២០២,៩៩០តោន និងនៅឆ្នាំ២០១៨ មានចំនួន ២៦៩ ១២៧តោន៕