(បន្ទាយមានជ័យ)៖ ភ្នំដូនសំ អតីតតំបន់ជម្រកសត្វព្រៃម៉ាឡៃ និងជាទឹកដីតំបន់អតីតខ្មែរក្រហម គ្រប់គ្រងកាលសម័យសង្គ្រាម ឥឡូវនេះទីតាំងភ្នំខាងលើគេសង្កេតឃើញមានថ្មដុះស្រួចៗ ប្រៀបដូចទំពាំងឬស្សីដុះចេញពី ដីនារដូវវស្សាតំរៀបគ្នាជាជួរគួរឲ្យចង់គយគន់ទស្សនា ។
បើតាមក្រុមការងារបេតិកភ័ណ្ឌបានធ្វើការស្រាវជ្រាវកាលពីថ្មីៗនេះ ហើយបានផ្សព្វផ្សាយជាសាធារណៈផងដែរកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១ បានអោយដឹងថា មានរឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងបារមីនៅភ្នំយាយសមខាងលើនេះ។ យោងតាមព្រះចៅអធិការវត្តគិរីសមស័ក្កភ្នំយាយសម នៅ ឃុំទួលពង្រ ស្រុក ម៉ាឡៃ បានមានសង្ឃដីកាឲ្យដឹងថា ព្រះអង្គធ្លាប់ចាំឃ្លាំមើលថា តើមានអ្នកណាមកបោសសំអាតស្លឹកពោធិ៍នៅលើភ្នំនេះ ដើម្បីអោយដឹងការពិត តែមិនដែលឃើញមានមនុស្ស សត្វ ឬ ភាវៈ អ្វី ជាក់ស្តែងនោះ ទេនេះ ជាបារមីពិតៗ ខណៈនៅលើភ្នំទីធ្លាតែងតែស្អាតដូចមានមនុស្សនៅថែរក្សាបោសសំអាត។
ព្រះចៅអធិការអង្គនោះបានបង្ហើបឲ្យដឹងទៀត ថា រឿងនេះពាក់ព័ន្ធ នឹងអ្នកស្នងរូបផ្លូវក្នុង និងជំនឿផ្លូវងងឹត គឺគេឃើញមានប្រាសាទនៅលើកំពូលភ្នំមានលក្ខណៈដូចជាទីលានប្រជុំទ័ពកាល សម័យព្រះអង្គច័ន្ទរាជា ក្នុងប្រវត្តិសាស្ត្រ ធ្វើចម្បាំងនឹងពួកសៀម។
ចំណែកក្រុមការងារ នៃបេតិកភ័ណ្ឌបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅលើទីតាំង គ្រឹះប្រាសាទដែលអតីតទាហានឧទ្ទាមខ្មែរក្រហមយកគ្រឿងចក្រឈូសគាស់កាយដើម្បីកសាងទីតាំងដាក់កាំភ្លើងធំសម្រាប់បាញ់គាំទ្រការពារ ការវាយលុកពីទាហានរដ្ឋាភិបាលសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា គឺនៅត្រង់នោះជាទួលមានរៀបថ្មបន្តុបលើគ្នាជាខឿន ហើយ សព្វថ្ងៃនេះ លើទួលនោះមានអាស្រមតម្កល់រូបសំណាកព្រះមាតានៅជិតនោះ មានស្រះទឹករីងខះមួយដែលជាអតីតទីស្តុកទឹកសម្រាប់ផ្គត់ផ្គង់កងទ័ព នៅតំបន់ភ្នំយាយសម ភ្នំ មេល័យ ហើយមានផ្ទាំងថ្មធំៗផុសដោយធម្មជាតិដែលមានរូបរាងដូចសត្វនាគ។
ចំណែកភ្នំយាយសម មានរាងវែង ហើយមាន ល្អាងជាច្រើនដែលទាមទារការសិក្សាបន្ថែម ។ ក្រុមការងារបេតិកភ័ណ្ឌប្រចាំថ្ងៃបានថតស្រាវជ្រាវកាលពីថ្មីៗនេះពីលើកូនភ្នំនេះ គឺគេអាចមើលពីលើកូនភ្នំនេះ ឃើញនូវទិដ្ឋភាពក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មើលឃើញភ្នំបារាំងធ្លាក់ នៅស្រុក សំពៅលូន ខេត្តបាត់បំបង និងមើលឃើញកូនក្រុមកូនភ្នំមេល័យ ក៏ដូចជាទឹកដីថៃនៅម្ខាង អូរព្រំដែនយ៉ាងច្បាស់ផងដែរ។
នៅជើងភ្នំ អ្នកស្រុកធ្លាប់បានជីកកាយដីឃើញវត្ថុបុរាណកុលលាភាជន៍ និងចម្លាក់ព្រះពុទ្ធបដិមាធ្វើអំពីថ្មផងដែរ។ ហើយកាលពី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលបានឯកភាពតាមសំណើរបស់ក្រសួងបរិស្ថាន បានចេញច្បាប់បង្កើត តំបន់បេតិកភណ្ឌធម្មជាតិភ្នំយាយសម សម្រាប់ជាប្រយោជន៍មនុមនុស្សជំនាន់ក្រោយឲ្យបានយល់ដឹងផងដែរ៕