(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅឃុំកំពង់ហ្លួង ស្រុកពញាឮ បានសម្តែងការសប្បាយចិត្តចំពោះអាជ្ញាធរ ឃុំដែលបានឆ្លើយតបចំពោះពួកគាត់ជុំវិញការស្នើ សុំស្តារបឹងត្រពាំងរាំង និងការកសាងផ្លូវចំនួន ២ ខ្សែប្រវែង៣៥០០ ម៉ែត្រ ក្រោយពួកគាត់បានស្នើសុំ នៅក្នុងវេទិការសាធារណៈនាពេលកន្លងទៅ ។
លោក ឡេង តួន និងលោក រស់ សុធា អ្នកភូមិពាមជំនីក ឃុំកំពង់ហ្លួង បានសំដែងការសប្បាយចិត្ត ក្រោយពេលអាជ្ញាធរបានធ្វើការស្ដារបឹងត្រពាំងរាំង ដែលពីមុនបឹងនេះមានសភាពគោករាក់ ដែលបណ្ដាលឱ្យមានការខ្វះខាតទឹក នៅក្នុងការស្រោចស្រពដំណាំរបស់ពួកគាត់ ,បន្ទាប់ពីអាជ្ញាធរបានធ្វើការស្ដាររួចមក បឹងនេះមានសភាពធំទូលាយ ហើយមានជម្រៅជ្រៅជាងមុនដែលបង្កឲ្យមានភាពងាយស្រួល ព្រោះបឹងនេះជាមេទឹកស្រោចស្រពដំណាំរបស់បងប្អូនប្រជា ពលរដ្ឋនៅជុំវិញឃុំកំពង់ហ្លួងនេះតែម្ដង ។
ប្រជាពលរដ្ឋដដែលបន្តទៀតថា នេះមិនត្រឹមតែជាសមិទ្ធផលល្អចំពោះមេទឹកប៉ុណ្ណោះទេ អាចម៍ដីដែលបានកាយចេញពីបឹងត្រពាំងរាំងនេះ អាជ្ញាធរបានធ្វើ ការកសាងស្ថាបនាផ្លូវចំនួន២ខ្សែថែមទៀតផងដែលមានប្រវែងរហូតដល់៣៥០០ម៉ែត្រឯណោះ ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនៅ ក្នុងការធ្វើដំណើរ និងដឹកផលដំណាំរបស់ពួកគាត់ថែមទៀតផង ។
ទន្ទឹមនឹងសារនេះដែរ លោក ស្រីហេង ម្លប់ មេឃុំកំពង់ហ្លួង ស្រុកពញាឮ បានលើកឡើងផងដែរថា លោកស្រីនឹងនៅតែបន្តទទួលយកសំណើរបស់បងប្អូន ប្រជាពលរដ្ឋយកទៅអនុវត្តន៍ទៅតាមការចង់បានរបស់ពួកគាត់ ព្រោះក្នុងនាមជាអាជ្ញាធរឃុំ ក្នុងនាមជាអ្នកបម្រើប្រជាជន គឺត្រូវតែធ្វើយ៉ាងណាដើម្បីអភិវឌ្ឍ នៅក្នុងមូលដ្ឋានស្របតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ហើយធ្វើទៅតាមសមត្ថភាព ។
លោកស្រីបានបន្តទៀតថា ជាក់ស្ដែងបន្ទាប់ពីប្រជាពលរដ្ឋ បានធ្វើការស្នើសុំការស្ដារបឹងត្រពាំងរាំង និងការកសាងផ្លូវចំនួន ២ខ្សែរួចមក អាជ្ញាធរឃុំបានទទួលនូវការឧបត្ថម្ភពីសប្បុរសជន គឺលោកស្រីឧកញ៉ា សៀង ចាន់ហេង ដែលបានឧបត្ថម្ភថវិកានៅក្នុងការ កាយយកអាចម៍ដីចេញនៅក្នុងការស្តារបឹងត្រពាំងរាំង ហើយនិងការដែលយកអាចម៍ដីបានពីការស្ដារបឹងនេះ ទៅចាក់កសាងផ្លូវ ដែលនេះជាសមិទ្ធផលល្អមួយក្នុងចំណោមសមិទ្ធផលល្អ ជាច្រើនរបស់ឃុំ និងជាសមត្ថកិច្ចក្រោមការជួយជ្រោមជ្រែងពីលោកស្រីឧកញ៉ា សៀង ចាន់ហេង ។
លោកស្រីក៏សូមធ្វើការបដិសេធចំពោះព័ត៌មានមួយចំនួន ដែលបានផ្សាយខុសការពិត ដោយចោទប្រកាន់លោកស្រីថា បានឃុបឃិតជាមួយនឹងឈ្មួញទុច្ចរិតនៅ ក្នុងការកាយដីបឹងទៅលក់ចែកលុយគ្នាចាយ តែតាមពិតនេះមិនមែន ដូចជាការសរសេរផ្សាយព័ត៌មាននោះឡើយ ការពិតនោះ គឺជាការធ្វើតាមសំណើស្នើសុំរបស់ ប្រជាពលរដ្ឋនៅក្នុងការស្តារបឹងហើយ និងស្ថាបនាផ្លូវតែប៉ុណ្ណោះ ។
រីឯការចោទប្រកាន់ថា លោកស្រីបានធ្វើការកាយដីបំផ្លាញជម្រកត្រីពងកូននោះ មិនមែនជាការ ពិតឡើយ តែភាពពិតគឺជាដីកម្មសិទ្ធិឯកជនរបស់គេដោយគេធ្វើការជីកដីដើម្បីបង្កើតជាស្រះចិញ្ចឹមត្រីផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ ។
លោកស្រីមេឃុំបានបញ្ជាក់ទៀតថា ក្នុងនាមលោកស្រីគឺជាអាជ្ញាធរមូលដ្ឋាន លោកស្រីនៅតែបន្តប្ដេជ្ញានៅក្នុងការបម្រើប្រជាពលរដ្ឋ ឱ្យអស់ពីសមត្ថភាពស្របតាមគោលការណ៍ថ្នាក់លើដាក់ជូនមកពិសេស ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍមូលដ្ឋានឃុំឲ្យមានការរីកចម្រើនជាងមុន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅកម្ពុជា ៕