(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»។
ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ លោកបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចរបស់ក្រសួង ដែលបានខិតខំបំពេញការងារនេះ រហូតដល់សម្រេចបានលទ្ធផលនៅថ្ងៃនេះ។ ទន្ទឹមនេះ លោកថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នដែលបានជួយគាំទ្រ និងផ្តល់ធាតុចូលដ៏មានសារៈសំខាន់ក្នុងឯកសារយុទ្ធសាស្រ្តនេះ។
លោកឧបនាយករដ្ឋមន្ត្រី បន្តថា គំនិតស្តីពីការបញ្ចូលការងារសេដ្ឋកិច្ចឲ្យទៅជាសមាសភាគដ៏សំខាន់ និងខានមិនបាននៃការងារការទូត មានតាំងពីឆ្នាំដំបូងនៃការចូលមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់លោកមកម្ល៉េះ។ បន្ទាប់ពីបានប្រមូលធាតុចូល និងធាតុផ្សំល្មមគ្រប់គ្រាន់ស្តីពីសមាសភាគថ្មីមួយនេះហើយនោះ ក្រសួងក៏បានប្រកាសជាផ្លូវការជាលើកដំបូង ចាត់ទុកការងារការទូតសេដ្ឋកិច្ចជាការងារធំមួយក្នុងចំណោមការងារធំទាំង៥ របស់ក្រសួងនៅពេលប្រារព្ធសន្និបាតប្រចាំឆ្នាំរបស់ក្រសួងនាដើមឆ្នាំ២០១៨។
លោកបញ្ជាក់ថា «គោលនយោបាយនេះត្រូវបាន សម្តេចតេជោនាយករដ្ឋមន្ត្រីគាំទ្រយ៉ាងពេញលេញ ដោយសម្តេច បានបញ្ជាក់ថា ការទូតសេដ្ឋកិច្ចគឺជាអាទិភាពមួយសម្រាប់គោលនយោបាយការបរទេសកម្ពុជា ដោយមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មប្រភពកំណើននិងដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ផ្អែកលើស្មារតីនេះ យើងបានចំណាយពេលជាង ២ ឆ្នាំ ដើម្បីសម្រេចតាក់តែងឯកសារយុទ្ធសាស្ត្រដែលយកមកផ្សព្វផ្សាយថ្ងៃនេះ»៕