(ភ្នំពេញ)៖ សុខុមាលភាពវិស័យធនាគារ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១នេះ ត្រូវបានឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា សម្លឹងឃើញថា នៅតែមានភាពល្អប្រសើរ ដូចក្នុងឆ្នាំ២០២០កន្លងទៅ បើទោះបីជាជួបបញ្ហាកូវីដ-១៩យ៉ាងណាក្ដី។
ប្រធានអគ្គនាយកធនាគារ ហត្ថា បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ខ្លាំង លើការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ និងបានថែទាំលើ វិស័យទាំងមូល ដោយក្នុងនោះ ធនាគារជាតិនៃកម្ពុជា បានយកចិត្ដខ្លាំង ទៅលើសុខុមាភាព របស់វិស័យធនាគារ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ហួត អៀងតុង អញ្ជើញចូលរួមក្នុងកម្មវិធី ភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «សុខុមាលភាពវិស័យធនាគារ នៅប្រទេសកម្ពុជា ឆ្នាំ២០២១»។
ប្រធានអគ្គនាយកធនាគារ ហត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ក្នុងឆ្នាំ២០២១ សុខុមាលភាពរបស់វិស័យធនាគារទាំងមូល ក៏មិនខុសប្លែកគ្នា ពីឆ្នាំ២០២០ដែរ ប៉ុន្ដែខ្ញុំគិតថា វាអាចនឹងមានភាពប្រសើរឡើង ជាងឆ្នាំ២០២០ថែមទៀតផង»។
ឧកញ៉ា ហួត អៀងតុង បានបន្ថែមថា «នៅពេលដែលកើតជំងឺនេះឡើង រាជរដ្ឋាភិបាល យកចិត្ដទុកដាក់ខ្លាំង លើការគ្រប់គ្រងស្ថានភាពជំងឺ និងការថែទាំ លើវិស័យទាំងមូល។ ក្នុងនោះ ធនាគារជាតិនៃកម្ពុជា បានយកចិត្ដខ្លាំង ទៅលើសុខុមាភាពរបស់វិស័យធនាគារ»។
ឧកញ៉ា ហួត អៀងតុង បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា បានចេញជាគោលការណ៍មួយចំនួន ដើម្បីជួយស្រោចស្រង់ វិស័យធនាគារ ដោយក្នុងនោះ អនុញ្ញាត ឲ្យរៀបចំឥណទានឡើងវិញ ជូនដល់ប្រជាពលរដ្ឋ និងបានបន្ធូរបន្ថយនូវលក្ខខណ្ឌ នៃការរក្សាដើមទុនបានមួយចំនួន ដោយធ្វើឲ្យវិស័យធនាគារទាំងមូល មានសាច់គ្រប់គ្រង នៅក្នុងការប្រើប្រាស់ ក្នុងកំឡូងពេលកូវីដ-១៩។
លើសពីនោះទៀត ធនាគារជាតិនៃកម្ពុជា បានជំរុញឲ្យមានការប្រើប្រាស់ជាប្រព័ន្ធឌីជីថល ហើយលើកទឹកចិត្ដឲ្យគ្រប់ធនាគារទាំងអស់ ប្រើប្រាស់ប្រព័ន្ធឌីជីថល និងបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឌីជីថល «បាគង» ដើម្បីឲ្យធនាគារទាំងអស់ មានភាពធូរស្រាល ក្នុងការជួបប្រាស្រ័យធ្វើប្រតិបត្ដិការ ជាមួយប្រជាពលរដ្ឋ និងជួយឲ្យប្រជាពលរដ្ឋ បន្ថយនូវការធ្វើដំណើរ, បន្ថយនូវការជួបបុគ្គលិកធនាគារ ដោយអាចធ្វើប្រតិបត្ដិការ ធនាគារដោយខ្លួនឯងបាន ទៅតាមប្រព័ន្ធ «បាគង» ក៏ដូចជាតាមប្រព័ន្ធឌីជីថលធនាគារនីមួយៗ។ នេះការគូសបញ្ជាក់បន្ថែម របស់ប្រធានអគ្គនាយកធនាគារ ហត្ថា។
ជាមួយគ្នានេះ ឧកញ៉ា ហួត អៀងតុង បានឲ្យដឹងផងដែរថា សម្រាប់ឆ្នាំ២០២១នេះ លោកគិតថា «យើងអត់ទាន់គេចផុត ពីជំងឺកូវីដ-១៩ទេ ដោយសារតែជំងឺកូវីដ-១៩ បានវិវត្ដន៍ទៅជារូបរាងថ្មី ដែលអង្គការសុខាភាពពិភពលោក ប្រកាសថា អាចមានស្ថានភាពធ្ងន់ធ្ងរ ជាងកូវីដ-១៩ ឆ្នាំ២០២០ទៀត ដូច្នេះលោក សូមឲ្យប្រជាពលរដ្ឋ ទូទាំងពិភពលោក មានការប្រុងប្រយ័ត្ន»។
ឧកញ៉ា ហួត អៀងតុង ក៏បានថ្លែងនូវការដឹងគុណ ចំពោះការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ នៅក្នុងប្រទេសកម្ពុជា៕