(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយ បានហៅផែនការបរាជ័យវិលចូលស្រុករបស់ លោកស្រី មូរ សុខហួរ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កន្លងទៅ គឺជាការបង្កើតព្រឹត្តិការណ៍ បោកប្រាស់អ្នកគាំទ្ររបស់ខ្លួន គ្នាទៅនឹងទង្វើបោកប្រាស់របស់លោក សម រង្ស៉ី ដែរ។
គណបក្សខ្មែរតែមួយ បានលើកឡើងថា លោកស្រី មូរ សុខហួរ បាន «និយាយបោកនៅតែបោក» ដែលផ្ទុយពីការបង្ហាញនូវជំនឿចិត្តមុតមាំណាស់ ក្នុងការវិលត្រឡប់ចូលប្រទេសកម្ពុជា ឱ្យបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ទោះបីមានឧបសគ្គ ឬការរាំងស្ទះខ្លាំងយ៉ាងណាក៏ដោយនោះ។
គណបក្សនេះបន្តថា ការបង្កើតព្រឹត្តិការណ៍បោកប្រាស់ចំនួនពីរលើក គឺលើកទី១ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយលោក សម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ និងអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបង្វែកាណុងបាញ់ ទៅកាន់រដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងលើកទី២ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ដោយលោកស្រី មូរ សុខហួរ មានចេតនាក្នុងការបង្កើតព្រឹត្តិការណ៍មួយ ដើម្បីឱ្យអ្នកគាំទ្រអស់ចិត្ត និងបន្តបោកអ្នកគាំទ្រតទៅមុខទៀត។
គណបក្សខ្មែរតែមួយលើកឡើងទៀតថា «ទីបំផុតពុតត្បុតរបស់ក្រុមថ្នាក់ដឹកនាំ អតីតបក្សសង្គ្រោះជាតិ ដឹកនាំដោយក្រុមលោក សម រង្ស៊ី ត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតជាថ្មី គឺពួកគេមិនបានត្រឡប់មកប្រទេសកម្ពុជានោះឡើយ ដូចការសន្យាក្តែងៗនោះទេ។ នេះជាទង្វើបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន ដែលបាននាំមកនូវភាពអាម៉ាសយ៉ាងខ្លាំង និងការសើចចំអកពីក្រុមនិយមលោក កឹម សុខា តែប៉ុណ្ណោះ។ SIC!»។
ជាមួយគ្នានេះ គណបក្សខ្មែរតែមួយ បានផ្តល់ជាចម្ងល់ថា តើនរណាអាចចេញមុខបន្ទាប់ ដើម្បីសម្តែងល្ខោននៅថ្ងៃខាងមុខទៀត?
សូមបញ្ជាក់ថា៖ លោកស្រី មូរ សុខហួរ ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានចេញដំណើរពីទីក្រុងបូស្តុន កាលពីថ្ងៃទី១៥ ខែមករា ទៅដល់ទីក្រុង Los Angels សហរដ្ឋអាមេរិក នៅថ្ងៃសៅរិ៍ ទី១៦ ខែមករា។ លោកស្រីបានទៅកាន់ព្រលានយន្តហោះ Los Angels ដើម្បីហោះមកកាន់ប្រទេសសិង្ហបុរី ដោយប្រកាសថានឹងបន្តដំណើរមកកម្ពុជា ប៉ុន្តែលោកស្រីត្រូវបានបុគ្គលិកព្រលានយន្តហោះបញ្ជាក់ថា មិនមានឯកសារគ្រេប់គ្រាន់ក្នុងហោះចេញពីសហរដ្ឋអាមេរិកនោះទេ៕