(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគចំនួនជាង១០លានដុល្លារ និងបង្កើតការងារ បានជិត២ពាន់កន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
ទី១៖ ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិ លេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៧១៨កន្លែង។
ទី២៖ ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគ ស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៧.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៣កន្លែង៕