(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះសមានចិត្តរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូសមកដល់រាជរដ្ឋាភិបាលកម្ពុជា។
ជំងឺកូវីដ១៩ បានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សជាតិនៅលើពិភពលោក។ រយៈពេលជាងមួយឆ្នាំហើយ ជំងឺផ្លូវដង្ហើមសកលមួយនេះ មិនមានសញ្ញាណថមថយ ឬបាត់បង់ពីភពផែនដីនោះឡើយ។ មកដល់ពេលបច្ចុប្បន្ន បណ្តាប្រទេសទាំងអស់លើពិភពលោកមានក្តីរំពឹងតែមួយគត់លើវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលអាចជួយដោះស្រាយវិបត្តិ ជួយការពារសុខភាពរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចប្រសើរឡើងវិញ។
មានក្រុមហ៊ុននៅក្នុងបណ្តាប្រទេសជាច្រើន មានដូចជាចិន រុស្ស៉ី អាមេរិក អង់គ្លេស និងឥណ្ឌាជាដើម បានប្រឹងប្រែងអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងជំងឺកូវីដ១៩នេះ។ វ៉ាក់សាំងជំងឺកូវីដ១៩ បានក្លាយជាទំនិញដ៏មានសក្តានុពល និងមានទីផ្សារខ្ពស់បំផុត។ វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនរបស់ចិន រុស្ស៉ី អាមេរិក និងអង់គ្លេស សុទ្ធតែទទួលបានការបញ្ជាទិញ ពីបណ្តាប្រទេសកំពុងរងការវាយប្រហារពីជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
ប្រទេសកម្ពុជា ក៏បាននិងកំពុងស្វះស្វែងរកទិញវ៉ាក់សាំងជំងឺកូវីដ១៩នេះផងដែរ ដោយប្រើយន្តការកូវ៉ាក់។ យន្តការកូវ៉ាក់ ជាយន្តការអន្តរជាតិមួយដែលបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោកហៅកាត់ WHO និងសម្ព័ន្ធដើម្បីវ៉ាក់សាំង ហៅកាត់ Gavi។ កម្មវត្ថុរបស់យន្តការកូវ៉ាក់ គឺការចែកចាយវ៉ាក់សាំងបង្ការកូវីដ១៩ ឲ្យក្រុមប្រទេសក្រីក្រក្នុងលោក។
ក្នុងពេលកម្ពុជាកំពុងស្វះស្វែងរកទិញវ៉ាក់សាំងកូវីដ១៩នេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិរបស់ខ្លួន និងក្រសួងការពារជាតិកម្ពុជា បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាមចំនួន ១លានដូស ដល់រាជរដ្ឋាភិបាលកម្ពុជា។
វ៉ាក់សាំងដែលជាទំនិញកំពុងមានតម្រូវការខ្ពស់នេះ ប្រទេសចិន បាននិងកំពុងលក់ទៅកាន់ប្រទេសជាច្រើនលើពិភពលោក។ វ៉ាក់សាំងរបស់ចិនចំនួនប្រមាណ ២២៣លានដូសហើយ ត្រូវបានចាក់ទៅលើប្រជាពលរដ្ឋចិន និងប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសដទៃ។
មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេហើយ ដែលរដ្ឋាភិបាលចិន បានផ្តល់ជំនួយវ៉ាក់សាំងនេះ។ ការផ្តល់ជំនួយនេះ ប្រហែលមិនអាចកើតមានឡើយ ប្រសិនបើកម្ពុជា និងចិន គ្មានចំណងទំនាក់ទំនងល្អនឹងគ្នាទេនោះ។
សម្រាប់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានមើលឃើញថា អំណោយជំងឺកូវីដ១៩ របស់ចិន ជាអំណោយកើតចេញពីស្មារតីនៃទំនាក់ទំនងល្អ ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ។ ជាពិសេជាជំនួយក្រោមស្មារតីនៃសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា និងចិន។
លោកស្រីរដ្ឋលេខាធិការ បានគូសបញ្ជាក់ដូច្នេះ «សម្រាប់កម្ពុជាយើងសាធារណរដ្ឋប្រជាមានិតចិន លោកក៏បានជួយគិតគូរក្នុងការផ្តល់វ៉ាក់សាំងនេះមកដល់ប្រទេសកម្ពុជារបស់យើងនៅក្នុងសមានចិត្តមួយជាមិត្តភក្តិ ជាមិត្តដែកថែបរបស់យើង ហើយដែលស្គាល់ទុក្ខធុរៈគ្នាទៅវិញទៅមក។ ហើយក៏ជាសមានចិត្តមនុស្សធម៌មួយទៀត ពីព្រោះការផ្តល់ជាជំនួយនេះ ជាមនុស្សធម៌មួយ។ មនុស្សធម៌នេះ ជាមនុស្សធំធេងណាស់ ពីព្រោះ១លានដូសសម្រាប់ប្រើប្រាស់មនុស្ស ៥០ម៉ឺននាក់ច្រើនណាស់ មិនមែនតិចទេ»។
លោកស្រីបន្ថែមថា «ក្នុងនាមក្រសួងសុខាភិបាល ក៏ដូចជាក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលលោកបានជួយនូវវ៉ាក់សាំង១លានដូសនេះ មកកម្ពុជារបស់យើង»។
ជាការកតសម្គាល់ក្នុងកំលុងពេលកម្ពុជា និងចិន រងការវាយប្រហារដោយជំងឺកូវីដ១៩ តាំងពីចុងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា និងចិន បានបង្ហាញស្មារតីជួយ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងស្អិតល្មួត។ ខែមករា ឆ្នាំ២០២០ ពេលប្រទេសចិន កំពុងរងការវាយប្រហារខ្លាំងពីជំងឺកូវីដ១៩ និងត្រូវប្រទេសជាច្រើនបង្ហាញស្មារតីរើសអើងចិននោះ សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាមេដឹកនាំប្រទេសជាមិត្តដំបូងគេ ដែលបានទស្សនកិច្ចនៅចិន។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាំឱ្យមានការគោរពស្ញប់ស្ញែងពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំចិនជាខ្លាំង។ កម្ពុជា តាមរយៈព្រះមហាក្សត្រ និងព្រះមហាក្សត្រី ក៏ក្លាយជាប្រទេសបានផ្តល់ជំនួយដំបូងគេទៅកាន់ទីក្រុងវូហាន ប្រទេសចិន កន្លែងផ្ទុះជំងឺកូវីដ១៩ផងដែរ។
ក្រោយមកទៀតពេលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រទេសចិន ក៏បានបញ្ជូនសម្ភារ បរិក្ខា និងក្រុមគ្រូពេទ្យជំនាញមកកាន់កម្ពុជា ដើម្បីចូលរួមការប្រយុទ្ធនឹងជំងឺកូវីដ១៩ផងដែរ៕