(ភ្នំពេញ)៖ ឆ្លើយតប និងការរិះគន់មួយចំនួន ដែលហាក់មិនសមហេតុផល និងមិនអាចទទួលយកបាន នៅក្នុងបណ្តាញសង្គមជុំវិញ រឿងរ៉ាវនៃការឃាត់ខ្លួនមនុស្ស ១៣នាក់ ដែលបានបន្ទោរបង់ នៅតាមសួនច្បារសាធារណៈ តាមគល់ឈើ និងទីតាំងសាធារណៈផ្សេងៗទៀត យកមកអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ កាលពីថ្ងៃ១៩ ខែមករា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឆ្លើយតបត្រឡប់ទៅវិញថា ការរិះគន់នោះ មិនអាចទទួលយកបាននោះទេ ព្រោះសាលារាជធានីភ្នំពេញ បានសាងសង់បង្គន់អនាម័យសាធារណៈច្រើនហើយ តែដោយសារតែចរិកមារយាទមនុស្សមួយចំនួន ដែលតែងតែបត់ជើងតូច ឬធំ នៅតាមទីសាធារណៈ លើសួនច្បារ ឬដើមឈើពាសវាលពាស កាលមិនត្រឹមត្រូវ ខណៈនៅបរទេស ក៏គ្មានប្រទេសណាសង់បង្គន់ ១០០ម៉ែត្រមួយដែរ។
លោក ឃួង ស្រេង បានបន្តថា លោកបានមើលឃើញគេចូលបញ្ចេញមតិ (ខម មិន) ច្រើន នៅក្នុងហ្វេសប៊ុក ផេក កាលពីថ្ងៃទី១៩ ខែមករា ដោយខ្លះហាក់រិះគន់ មិនអាចទទួលយកបាន តែមានអ្នកគាំទ្រយ៉ាងលើសលប់ យើងមិនខ្វល់ចំពោះអ្នករិះគន់ប៉ុន្មាននាក់នោះទេ។
លោកអភិបាលរាជធានី បានថ្លែងថា «គ្មានប្រទេសណាធ្វើបង្គន់ ១០០ម៉ែត្រមួយនោះទេ អត់មានទេ អស់លោក។ គេមានផែនការច្បាស់ណាស់ ចេញពីផ្ទះត្រូវបត់ជើង ដៃតែម្តង ទាំងអាតូច អាធំឲ្យហើយតែម្តង…នេះ ជាចរិក អ្នកនៅទីក្រុង។ មិនមែនរបៀបអ៊ីចឹងទេ ហើយ ៤ ឬ១០ គីឡូ (ម៉ែត្រ) គឺមាន១ (បង្គន់) នឹងហើយមានមួយនឹង គឺនៅក្រោមដី មើលមិនឃើញទៀត ទាល់តែអ្នកស្គាល់។ អ៊ីចឹង ឲ្យច្បាស់ផង កុំចេះតែ (ខមមិន) មានមាត់មានអណ្តាត ចេះតែរលាស់»។ លោកបានបន្តថា បញ្ហានេះ មានមន្ត្រីរបស់យើងចូល (ខមមិន) តប បញ្ជាក់អំពីបញ្ហានេះ ដល់អ្នករិះគន់មួយចំនួន ហើយបានផ្តាំផ្ញើថា តិចគេទៅនោម លិចផ្ទះអ្នកឯងទៅ។
លោកបានបន្តថា រឿងបង្គន់សាធារណៈនេះ យើងមានច្រើនហើយ បង្គន់យើងមានគ្រប់កន្លែង ឲ្យគាត់បទជើង តែគាត់អត់ព្រមចូល។ អាជ្ញាធរ ក៏មានការយោគយល់ ខ្លះដែរ បើសិនជាបងប្អូនខ្លះ នៅជាយក្រុង ដូចជានៅខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ ដែលមានកម្ពូតព្រៃ គឺអាចបត់ជើងតូចអីនោះ គឺអនុគ្រោះដែរ «ប៉ុន្តែនេះនៅ (ខណ្ឌដូនពេញ ចំការមន បឹងកេងកង ៧ មករា ទទួលយកម្តេចកើតទទួលយកមិនបានទេ»។
លោកបានបន្តទៀតថា «នេះជាសារជាតិមួយ គឺថាអត់មាយាទ» សម្រាប់អ្នកដែលតែងតែបត់ ដៃជើងនៅតាមទីសួនច្បារសាធារណៈ ។
គួររំលឹកថា កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ម្សិលមិញរដ្ឋបាលខណ្ឌដូនពេញ បានឃាត់ខ្លួន អ្នកមកបន្ទោរបង់ នៅតាមសួនច្បារសាធារណៈ តាមគល់ឈើ និងនៅទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន១៣នាក់ ដែលធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កឲ្យមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរយកមកអប់រំ ណែនាំនៅសាលាខណ្ឌដូនពេញ៕