(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនរបស់ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះមានការចូលរួមពី លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីតាមមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានទូទាំងខេត្ត។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះ ខេត្តបានជួបនូវគ្រោះមហន្តរាយចំនួន ២៩លើក។ ក្នុងនោះគ្រោះរាំងស្ងួត២លើក ប៉ះពាល់ស្រូវប្រាំងចំនួន១,៨៤០ហិកតា, ខ្យល់កន្ទ្រាក់ ២៤លើក និង រន្ទះបាញ់ ៥លើក បណ្តាលឲ្យស្លាប់មនុស្ស ១នាក់។
ខេត្តក៏បានជួបប្រទះជំនន់ទឹកភ្លៀងបណ្តាលឱ្យខូចខាតស្រូវចំនួន ១,៧៩២ហិកតា ខូចខាតផ្លូវជាតិ និងផ្លូវកៅស៊ូ ១,១៧០ម៉ែត្រ ផ្លូវក្រាលគ្រោះក្រហម និងផ្លូវលំ ប្រវែង ៤៧,៩៤០ម៉ែត្រ និងខូចខាត ទំនប់ ប្រឡាយ ប្រវែង ៥,៣៧០ម៉ែត្រ។
លោកអភិបាលខេត្ត បានបន្ថែមថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានរួមគ្នាឆ្លើយតបបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។
ក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ឆ្នាំង។
ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង ស្រុក បានបញ្ចូលទិន្ន័យគ្រោះមហន្តរាយចូលទៅក្នុងប្រពន្ធ័ PRISM និងបញ្ជូនតាមប្រពន្ធ័ Tablet ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងបានយកចិត្តទុកដាក់ទាំង កម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ និងឆ្លើយតបទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងរយៈពេលកន្លងមកស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាដៃគូត្រៀមសម្ភារ ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីផ្ដល់របាយការណ៍បឋម ក្នុងករណីមានគ្រោះមហន្តរាយ កើតមានជាយថាហេតុ។ ជាពិសេសអាជ្ញាធរ ត្រូវដឹង និងដោះស្រាយឲ្យបានទាន់ពេលវេលាជា ពិសេសអាជ្ញាធរក្នុងដែនសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបទៅតាមសភាពជាក់ស្តែង និងទាន់ពេលវេលា។
ពាក់ព័ន្ធការងារសមាគមអតីតយុទ្ធជនវិញ លោក ធន ធឿន ប្រធានសមាគមខេត្ត បានឱ្យដឹងថា សមាគមអតីតយុទ្ធជនខេត្តបានទទួលថវិការបេឡាមរណៈសង្រ្គោះរបស់សម្តេចតេជោ ផ្តល់ជូនគ្រួសារនៃសពសមាជិក ស.អ.ក ចំនួន ៨៨សព សរុបថវិការអស់ ៣៥២,០០០,០០០រៀល, សាងសង់ផ្ទះថ្មីបានចំនួន៧ខ្នងសម្រាប់ផ្តល់ជូនអតីតយុទ្ធជន និងប្រគល់ផ្ទះជូនសមាជិកអតីតយុទ្ធន ចំនួន១២ខ្នង។ អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច សរុបចំនួន ២,០៨៨ហិកតា។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចលនាតាមមន្ទីស្ថាប័នជុំវិញខេត្តជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនបានចំនួន ៣៨ខ្នង ក្នុងនោះលោកទេសរដ្ឋមន្ត្រីផ្ទាល់ បានជួយសាងសង់ផ្ទះ ៥ខ្នង។
ចំពោះអ្នកអត់ដី អត់ផ្ទះ១០០គ្រួសារ លោកទេសរដ្ឋមន្ត្រី បានឲ្យខេត្ត និងមន្ត្រីពាក់ព័ន្ធខិតខំដោះស្រាយចែកឡូត៍ ដើម្បីផ្តល់ជូនពួកគាត់ទាំង១០០គ្រួសារឱ្យបានឆាប់ និងទាន់ពេលវេលា៕