(កូរ៉េខាងត្បូង)៖ យ៉ាងហោចណាស់មានពលករខ្មែរ៦នាក់ បានរងគ្រោះឆេះកន្លែងស្នាក់នៅ សម្ភារប្រើប្រាស់ និងខោអាវគ្មានសល់ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះក្នុងរោងចក្រ ផលិតប៉ារែតជ័រ នៅខេត្តឈុនប៊ុក ប្រទេសកូរ៉េខាងត្បូង នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមលោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ។
លោក ឡុង ឌីម៉ង់ បានឱ្យដឹងទៀតថា រោងចក្រដែលបានឆេះនេះមានពលករប្រមាណ ៨០នាក់ ដោយក្នុងនោះមានពលករខ្មែរចំនួន៦នាក់។ ទ្រព្យសម្បត្តិដែលបាត់បង់របស់ពលករខ្មែរ គឺសម្ភារប្រើប្រាស់ និងខោអាវរបស់ពួកគាត់ ដោយឡែកសម្រាប់ ID card លិខិតឆ្លងដែន ឯកសារផ្សេងៗ មិនមានការបាត់បង់ទេ។ សម្រាប់ស្ថានភាពពលករខ្មែរ ទាំង៦នាក់បច្ចុប្បន្ននេះ គឺថៅកែមានកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងរៀបចំម្ហូបអាហារជូនពលករ ដោយយកចិត្តទុកដាក់។
លោកអគ្គរាជទូត បានបញ្ជាក់បន្ថែមថា បើតាមពលករខ្មែរដែលរងគ្រោះឈ្មោះ សោភ័ណ្ឌ បានបញ្ជាក់ដែរថា នៅថ្ងៃស្អែកនេះ ថៅកែពួកគេនឹងនាំទៅដាក់ ពាក្យស្វែងរកការងារថ្មីផងដែរ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ទៀតថា ក្រុមអនុព័ន្ធការងារនឹងនៅរក្សាទំនាក់ទំនងជាមួយពួកគាត់ និងជួយសម្របសម្រួលរាល់បញ្ហាផ្សេងៗ បើសិនជាមាន ការស្នើសុំអ្វីមួយពីពលករខាងលើ។ ជាពិសេសក្រុមការងារ នឹងចុះទៅសួរសុខទុក្ខ ហើយយកសម្ភារៈនិងថវិកាមួយចំនួនជូនពួកគាត់ផងដងដែរ៕