(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន ២,០២៣នាក់ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យជាតិបាត់ដំបង។
ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារលោក ស សុខា រដ្ឋលេធិការក្រសួងអប់រំ យុវជន និងកីឡា គណៈអភិបាលខេត្ត សកលវិទ្យាធិការ នៃសកលវិទ្យាល័យជាតិបាត់ដំបង ថ្នាក់ដឹកនាំមន្រ្តីរាជការ នានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូសិស្សានុសិស្សចូលរួមផងដែរ។
លោក សុខ ឃន សកលវិទ្យាធិការ នៃសកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេប នៃការបណ្តុះបណ្តាលសិស្ស និស្សិត ក្នុងវិស័យអប់រំកន្លងមកបានចំនួន ២ម៉ឺននាក់ និងបានរកការងារធ្វើបាន៩០ភាគរយហើយ ផងដែរ។
សម្តេច ស ខេង បានរំលឹកពីប្រវត្តិរបស់សកលវិទ្យាល័យជាតិបាត់ដំបងកន្លងមក ព្រមទាំងបានសំណេះសំណាលក្នុងឱកាស ពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន២,០២៣នាក់ នៃសកលវិទ្យាល័យជាតិបាត់ដំបង រយ:ពេលកន្លងមកបានជួបការលំបាក យើងក៏បានកសាងសកលវិទ្យសល័យជាតិបាត់ដំបងរហូតដល់មានការរីកចំរើនដល់សព្វថ្ងៃ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណគុណដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ពិសេសសកលវិទ្យាធិការនៃសកលវិទ្យាល័យជាតិបាត់ដំបង ដែលបានខិតខំប្រឹងប្រែងធ្វើការបណ្តុះបណ្តាលនិស្សិតយើងបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ សម្រាប់យកចំណេះដឹងប្រើទៅលើទីផ្សារការងារនាពេលអនាគត់ ដើម្បីចូលរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ។
សម្តេចបានបន្តថា និស្សិតដែលបានទទួលការអប់រំ បណ្តុះបណ្តាល ត្រឹមត្រូវ ក៏ដូចជា ការកសាងធនធានមនុស្សបានល្អ បានកាន់តែច្រើន គឺជាធនធានមួយសំខាន់ណាស់សម្រាប់ទីផ្សារការងារ និងចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋយើង មានធនធានមនុស្សល្អច្រើន ប្រកបដោយគុណភាព យើងចង់ធ្វើអ្វីក៏បានដែរ។
សម្តេចបានបន្ថែមថា «និស្សិតយើងមិនត្រឹមតែបានរៀននៅតាមសាលាប៉ុណ្ណោះទេ គឺយើងក៏អាចរៀនតាមវិទ្យុ ទូរទស្សន៍ និងតាមរយ:ផ្សេងៗ គឺសុទ្ធតែជាគ្រូយើងទាំងអស់ ធ្វើឲ្យយើងមានការរីចំរើនចំណេះដឹងរបស់យើងបន្ថែមទៀ»។
សម្តេចបានបន្តទៀតថា «ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង បានផ្តល់ជាអាទិភាពលើវិស័យអប់រំ ដែលបានដើរតួនាទីរបស់ខ្លួនយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនខ្លាំងនាពេលអនាគតតទៅផងដែរ»។
សម្តេចបានផ្តាំផ្ញើដល់និស្សិតទាំងអស់ថា សូមនាំគ្នាចូលរួមការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ។ ជាកិច្ចបញ្ចប់សម្តេចបានប្រគល់សញ្ញាបត្រដល់និស្សិតជានិមិត្តរូបមួយចំនួនផងដែរ៕