(បាត់ដំបង)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជំរុញឱ្យមានការលើកកម្ពស់សុខុមាលភាពមនុស្សចាស់នៅកម្ពុជា។
ការលេីកឡេីងបែបនេះរបស់ លោក កែវ រ៉េមី បានធ្វើឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពី «សិទ្ធិមនុស្ស និងអាទិភាពសម្រាប់មនុស្សចាស់» នៅខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងក្នុងការកសាងសមត្ថភាពមនុស្សចាស់ ដើម្បីបានស្វែងយល់ និងទទួលបានចំណេះដឹងអំពីសិទ្ធិមនុស្សជាសកលច្បាប់ និងកិច្ចអន្តរាគមន៍នានានៅក្នុងប្រទេសកម្ពុជា ព្រមទាំងពិភាក្សាអំពីតម្រូវការរបស់មនុស្សចាស់ទាក់ទងទៅនឹងសិទ្ធិមនុស្ស។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងអំពីសារសំខាន់នៃការរៀបចំឱ្យមានយន្តការសមាគមមនុស្សចាស់នៅតាមសហគមន៍ ដែលជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការជួយគាំទ្រទៅដល់មនុស្សចាស់ ដែលទីទាល់ ខ្វះទីពឹងពំនាក់ និងរស់នៅឯកោ។
លោក កែវ រ៉េមី ក៏បានបង្ហាញអំពីការគាំទ្រ និងលើកសរសើរទៅដល់អង្គការមនុស្សចាស់កម្ពុជា ថាជាអង្គការគំរូមួយដែលយកចិត្តទុកដាក់ និងធ្វើកិច្ចការងារជាច្រើនក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា។
បន្ថែមពីលើនោះ លោក កែវ រ៉េមី ក៏បានអំពាវនាវដល់ក្រសួងជំនាញ អាជ្ញាធរថ្នាក់ខេត្ត មន្ទីរពាក់ព័ន្ធឱ្យជួយបន្តសហការ និងគាំទ្រទៅដល់អង្គការ និងសមាគមនុស្សចាស់ ជាបន្តបន្ទាប់ទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សវ័យចាស់ និងអ្នកជំនាន់ក្រោយដែលនឹងឈានទៅរកវ័យចាស់នៅថ្ងៃខាងមុខ៕