(កំពង់ឆ្នាំង)៖ ការបង្ក្រាបករណីគ្រឿងញៀននៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះអនុវត្តយ៉ាងក្តៅគគុកជារៀងរាល់ថ្ងៃ នៅគ្រប់មូលដ្ឋាន តាមផែនការរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះថា ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀននៅក្នុងខេត្តកំពង់ឆ្នាំងជាក់ស្ដែង តាំងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាលតាមមូលដ្ឋានឃាត់ ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។

ក្នុងនោះស្រុករលាប្អៀរ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០ ២១ ឃាត់ខ្លួនបុរស ២នាក់ រួមមាន៖

១៖ ឈ្មោះ ហាក់ សុភាព អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរជាងផ្សារដែក រស់នៅភូមិអូរកណ្ដាល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២៖ ឈ្មោះ សួន សីហា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនចំនួន៨កញ្ចប់ស្មើនឹង (៩,៣៨ក្រាម)ដាវ១ដើម សម្ភារវេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលឃាត់ ខ្លួនយុវជនម្នាក់ឈ្មោះ ឡេង ណារ័ត្ន អាយុ៣៤ឆ្នាំ ជន ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការ ឃុំស្វាយស្រុកសាមគ្គីមានជ័យ ពីបទរក្សាទុក ជួញដូរ និងប្រើ ប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន។ ដកហូតវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ កាំបិតកកុក១ដើម និងឧប ករណ៍ជក់ថ្នាំញៀនមួយចំនួន។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះដែរ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្ក្រាប និងឃាត់ ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ អឿន សុឃឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ ទូរសព្ទដៃ១គ្រឿង សម្ភារវេចខ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។

ដោយឡែកនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះផងដែរ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន២នាក់ គឺម្នាក់ឈ្មោះ ហេង ប៊ុនលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅភូមិផ្លូវទូក ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះ ឆៃ ចន្នី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានថ្នាំញៀនចំនួន ១៤កញ្ចប់តូច ទូរសព្ទដៃ១គ្រឿង ទូកម៉ាស៊ីន១គ្រឿង សម្ភារវេចខ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។

លោកវរសេនីយ៍ឯកបានឲ្យដឹងទៀតថា សកម្មភាពប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងសកម្មជារៀងរាល់ថ្ងៃនេះ គឺអនុវត្តទៅតាមផែនការរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ពិសេសគឺមានការសម្របសម្រួលពីលោក អ៉ិត សុធា តំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក ក៏បានផ្ដាំផ្ញើទៅដល់យុវជនទាំងអស់ ពិសេសគឺមាតាបិតាដែលជាអាណាព្យាបាលកូនប្រុសស្រី ត្រូវធ្វើយ៉ាងណាជួយអប់រំពន្យល់ណែនាំដល់កូនចៅរបស់ខ្លួន ឲ្យគាត់យល់អំពីផលអវិជ្ជមានចំពោះការប្រើប្រាស់ថ្នាំញៀន ដែលមានផលប៉ះ ពាល់ជាច្រើនយ៉ាង ទាំងសុខភាព ពេលវេលា ទ្រព្យសម្បត្តិ អាប់អោនកិត្តិយសខ្លួនឯង ក៏ដូចជាកិត្តិយសគ្រួសារពិសេស គឺអាប់អោនដល់សង្គមជាតិ។ ពិសេសជាងនេះទៅទៀតនោះ ការជួញដូរ រក្សាទុក និងចែកចាយ នូវសារធាតុញៀន ច្បាប់និងមិនអត់ឱនឲ្យឡើយ ប្រសិនបើសមត្ថកិច្ចចាប់បាន នឹងត្រូវផ្ដន្ទាទោសដាក់ព័ន្ធនាគាដោយមិនលើកលែងឡើយ៕