(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទការធ្វើចរាចរណ៍ចំពោះរថយន្តដឹកទំនិញរថយន្ត ធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទលើកំណាត់មហាវិថីវិមាន ឈ្នះ ឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ ដល់ស្ពានព្រែកព្នៅមួយព្រឹក នៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាល រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៧៖៣០នាទី ពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឱ្យដំណើរការជា ផ្លូវការរោងចក្រប្រព្រឹត្តកម្ម ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ និងបញ្ចៀសចរាចរ ចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទលើកំណាត់មហាវិថី ឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មួយព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តខាងលើ មេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើ តាមកាលបរិច្ឆេទដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាល រាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕