(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំចាត់តាំងក្រុមការងារចុះពង្រឹងត្រួតពិនិត្យគ្រប់គ្រងជនបរទេស ធ្វើការងារ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព តម្លាភាពចំពោះជនបរទេសដែលបានស្នាក់នៅ ធ្វើការដោយខុសច្បាប់ និងការស្រាវជ្រាវបង្រ្កាបបទល្មើសប្រព្រឹត្តដោយជនបរទេស។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ លូ រ៉ាប៉ូ , លោកឧត្តមសេនីយ៍ត្រី សរ សំណាង ដែលជាស្នងការរងជំនួយដឹកនាំផែនការងារអន្តោប្រវេសន៍ ក្នុងនោះក៏មានការចូលរួមពី លោកនាយការិយាល័យជំនាញផែនការងារអន្តោប្រវេសន៍ លោកអធិការនៃអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ លោកលោកស្រីអធិការរង និងលោកនាយ នាយរងផ្នែក ដែលទទួលភារកិច្ចការងារអន្តោប្រវេសន៍សរុប១០៥នាក់។
ឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលការងារជំនួយដឹកនាំផែនការងារអន្តោប្រវេសន៍ បានស្នើឱ្យមន្រ្តីនគរបាលដែលត្រូវបានចាត់តាំង អនុវត្តតាមលិខិតបង្គាប់ការរបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះអនុវត្តភារកិច្ចធ្វើឡើងដោយតម្លាភាព ប្រសិទ្ធភាព ហើយអនុវត្តឱ្យចំគោលដៅជនបរទេសស្នាក់នៅធ្វើការងារជាក់ស្តែងដូចជានៅសហការគ្រាស សិប្បកម្ម រោងចក្រ និងកន្លែងស្នាក់នៅផ្សេងទៀត ជាពិសេសជំរុញនៃការគ្រប់គ្រងរាល់ការចេញចូលរបស់ជនបរទេសឱ្យបានជាក់លាក់ និងធ្វើរបាយការណ៍ជារៀងរាល់ខែ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស សម្រាប់ការងារបង្ការទប់ស្កាត់ និងបង្រ្កាបជនបរទេសដែលប្រព្រឹត្តបទល្មើសខុសច្បាប់ បង្កឱ្យប៉ះពាល់ស្ថិរភាពសង្គម។
លោកឧត្តមសេនីយ៍ត្រី សរ សំណាង លើកឡើងទៀតថា ចំពោះការចុះបំពេញភារកិច្ចត្រួតពិនិត្យទៅគោលដៅធ្វើការ និងស្នាក់នៅរបស់ជនបរទេសកន្លងមក មានចំណុចប្រឈមខ្លះ ដែលធ្វើឱ្យរាំងស្ទះដល់សមត្ថកិច្ចអនុវត្តការងារ ដូចជាម្ចាស់គោលដៅមិនចូលរួមសហការ នៅពេលក្រុមការងារចុះទៅគឺជួបសន្តិសុខ ជួបតំណាងអ្នកគ្រប់គ្រងគោលដៅដោយ ពួកគេមិនយល់ពីការងារគ្រប់គ្រងជនបរទេស ហើយបានហាមឃាត់មិនឱ្យសមត្ថកិច្ចចូលទៅបំពេញភារកិច្ចនោះឡើយ ប៉ុន្តែទោះជាមានបញ្ហាប្រឈមទាំងនេះក្តី ក្រុមការងារត្រូវសម្របសម្រួលឱ្យអស់លទ្ធភាពដោយធ្វើយ៉ាងណាឱ្យម្ចាស់គោលដៅចូលរួមសហការដើម្បីក្រុមការងារអនុវត្តភារកិច្ចដោយរលូននិងជោគជ័យ។
ក្នុងកិច្ចប្រជុំនោះផងដែរ លោកនាយ នាយរងការិយាល័យ ជំនាញអន្តោប្រវេសន៍ លោកអធិការ និងមន្រ្តីពាក់ព័ន្ធមួយចំនួនក៏បានលើកឡើងពីបញ្ហាប្រឈមនៅពេលចុះអនុវត្តភារកិច្ចលើការងារអន្តោប្រវេសន៍ ដើម្បីពិភាក្សា និងរកដំណោះស្រាយជុំវិញនៃការចុះអនុវត្តភារកិច្ចនេះទទួលបានជោគជ័យផងដែរ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០ កន្លងទៅនេះ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការស្រង់ស្ថិតិជនបរទេសរស់នៅក្នុងរាជធានីភ្នំពេញចំនួន២.៤១៦គោលដៅ សរុបចំនួន១៦.៣០៥នាក់ ក្នុងនោះស្រី៤.៧៨០នាក់ មាន៩៩សញ្ជាតិ និងជនបរទេសប្រព្រឹត្តបទល្មើសខុសច្បាប់ កើតឡើង៨៥ករណី និងឃាត់ខ្លួន១៩៨នាក់។
ជនបរទេសទាំងនោះ បានប្រព្រឹត្តបទល្មើសរួមមាន៖ លួចមានស្ថានទម្ងន់ទោស០១ករណី,ឃាតកម្ម០១ករណី,រំលោភសេពសន្ថវៈ០២ករណី, បង្ខាំងមនុស្សជំរិតទារប្រាក់១២ករណី,មនុស្សឃាតដោយចេតនា០១ករណី,ឆក់០៣ករណី,លួច២១ករណី,ឆបោក១០ករណី,ហឹង្សាដោយចេតនា១៦ករណី,ប្រើប្រាស់អាវុធខុសច្បាប់០៣ករណី,ជួញដូរគ្រឿងញៀន០៨ករណី,បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ០២ករណី,ល្បែងស៊ីសង០៣ករណី,បង្កគ្រោះថ្នាក់អគ្គីភ័យ០១ករណី និងបង្ហោះរូបភាពតាមអនឡាញ០១ករណីផងដែរ៕