(ភ្នំពេញ)៖ ទំនាស់ផ្លូវរវាងប្រជាពលរដ្ឋចំនួន៣៧គ្រួសារ និងក្រុមហ៊ុនពុះដីឡូត៌មួយដែលម្ចាស់ក្រុមហ៊ុន គឺជាមន្រ្តីយោធាដែលបានបិទផ្លូវ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរ ផ្ដាច់ទឹកមិនឲ្យប្រើនិងលក់ដូរដី ដែលបានទិញរួចពុំបានជាថ្នូរ និងប្រាក់១៨,០០០ដុល្លារនោះ បានអូសបន្លាយរយៈពេលជាង១ឆ្នាំកន្លងមកហើយ។
ទីបំផុតរហូតមកដល់វេលាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រូវបានដោះស្រាយបញ្ចប់ទាំងហើយ បន្ទាប់ពីប្រជាពលរដ្ឋទាំង៣៧គ្រួសារនោះ រៃលុយគ្នាបានចំនួន៧,៥០០ដុល្លារ បង់ទៅឲ្យម្ចាស់ក្រុមហ៊ុនពុះដីឡូត៌នោះ ហើយក្រុមហ៊ុននោះបានយល់ព្រមប្រគល់ផ្លូវទទឹងប្រវែង ជាង៤ម៉ែត្រកន្លះ និងបណ្ដោយ១៤ម៉ែត្រមកឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរវិញក្រោមការសម្របសម្រួល ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។
ភាគីទាំងសងខាងត្រូវបានអញ្ជើញឲ្យជួបជុំគ្នា នៅក្នុងសាលប្រជុំសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការចូលរួមសម្របសម្រួលដោយលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ និងលោកប្រធានការិយាល័យដែនដីនគរូបនីយកម្ម សំណង់ សូរិយោដីខណ្ឌពោធិ៍សែនជ័យ។
អាជ្ញាធរសង្កាត់ ភូមិ ព្រមទាំងមន្រ្តីការិយាល័យពាក់ព័ន្ធមួយចំនួនទៀតផងដែរ ក្រោយពីការដោះស្រាយបញ្ចប់រឿងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងចាត់ចែងរៀបចំឯកសារបំបែកក្បាលដី ធ្វើប្លង់រឹងជូនប្រជាពលរដ្ឋកាន់កាប់និងប្រើប្រាស់ស្របច្បាប់។
នៅក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋ បានសម្ដែងនូវការត្រេកអរព្រមទាំងថ្លែងអំណរគុណយ៉ាងខ្លាំង ដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលបានជួយដោះស្រាយបញ្ចប់រឿង និងគិតគូដល់ការធ្វើប្លង់រឹង ជូនពួកគាត់នាពេលនេះ។
សូមរំលឹកថា ប្រជាពលរដ្ឋ៣៧គ្រួសារបានកើតទុក្ខមិនសុខចិត្ត ហើយបានដាក់ពាក្យបណ្ដឹងចូលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំឲ្យជួយដោះស្រាយដោយចោទប្រកាន់ម្ចាស់ក្រុមហ៊ុនពុះដីឡូត៌មួយ ដែលមានប្រពន្ធឈ្មោះឈឿន សុវណ្ណារ៉ា និងប្តី ឈ្មោះ ហ៊ន ហេង មុខរបរជាយោធា ថាបានបោកប្រាស់និងបិទផ្លូវទទឹងប្រវែងជាង៤ម៉ែត្រកន្លះ និងបណ្ដោយ១៤ម៉ែត្រ មិនឲ្យពួកគាត់ប្រើប្រាស់ដោយបានទាមទារប្រាក់១៨,០០០ដុល្លារ ទើបអាចប្រើប្រាស់បាន។
មិនតែប៉ុណ្ណោះពួកគាត់បាននិយាយថា បានទៅទិញដីឡូតិ៍ពីម្ចាស់ក្រុមហ៊ុនមួយនេះ នៅក្នុងអំឡុងឆ្នាំ២០១៤ មកម្ល៉េះ ដោយកាលពីពេលសម្រេចចិត្តទិញ ក៏ព្រោះតែក្រុមហ៊ុននេះ បានអះអាងថា ទីតាំងដីឡូតិ៍របស់ខ្លួនមានប្រព័ន្ធទឹកភ្លើង និងការផ្ទេរសិទ្ធិត្រឹមត្រូវ។
លុះក្រោយពេលទិញរួចក្រុមហ៊ុនបានផ្ទេរសិទ្ធិ ឱ្យពួកគាត់ត្រឹមសង្កាត់ចោមចៅ ដោយមានការចុះហត្ថលេខាដោយលោកចៅសង្កាត់សុទ្ធសាធ បន្ទាប់មកពួកគាត់បានសាងសង់លំនៅដ្ឋានរស់នៅរហូតមក។ ប៉ុន្តែចង់លក់ដូរបែរជាក្រុមហ៊ុនហាមឃាត់មិនឱ្យលក់ ហើយបើលក់ទាល់តែបង់ប្រាក់ឱ្យក្រុមហ៊ុនពី៣០០ ទៅ៥០០ដុល្លារ ទើបលក់បាន និងបានចោទថា ពួកគាត់ទាំង ៣៧គ្រួសារ គឺខ្ចីដីក្រុមហ៊ុនធ្វើផ្ទះនៅទៅវិញ ហើយថែមទាំងផ្ដាច់ទឹកលែងឱ្យពួកគាត់ មួយចំនួនប្រើប្រាស់ទៀតផង។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោក កង វង ចៅសង្កាត់ទី១ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែង លើទីតាំងទំនាស់ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ប៉ុន្តែពុំមានដំណោះស្រាយឡើយ និងបានអូសបន្លាយពេលរហូតមកដល់វេលាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទើបត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុង៕