(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញគន្លឹះ៧យ៉ាង ដើម្បីផ្ដល់ឲ្យមន្រ្ដីក្រោមឱវាទដឹកនាំ និងគ្រប់គ្រងរដ្ឋបាលជលផលបានល្អក្នុងឆ្នាំ២០២១នេះ។
ការដាក់ចេញនូវគន្លះ៧យ៉ាងរបស់រដ្ឋមន្រ្ដីក្រសួងកសិកម្ម ធ្វើឡើងក្នុងកម្មវិធី រៀបចំពិធីបិទកិច្ចប្រជុំបូកសរុប សភាពការណ៍វិស័យជលផលប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តការងារឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
សូមជម្រាបថា ថ្មីៗនេះរាជរដ្ឋាភិបាលបានប្រគល់មុខតំណែង និងកិច្ចការងារថ្មីៗជូនដល់ មន្រ្ដីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងនោះលោក ពុំ សុថា ទើបទទួលមុខតំណែងថ្មី ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល បានប្តេជ្ញាចិត្តថា នឹងខិតខំអស់កំលាំងកាយ-ចិត្ត, ប្រាជ្ញាស្មារតី, ចំណេះដឹង និងបទពិសោធន៍ដឹកនាំ និងគ្រប់គ្រងរដ្ឋបាលជលផលឲ្យបានល្អ ស្របតាមគោលនយោបាយនៃ ការអភិវឌ្ឍវិស័យជលផលរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល និងជាពិសេសអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានណែនាំឲ្យប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំជំរុញ និងលើកទឹកចិត្តបងប្អូនប្រជាកសិករ ពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាសន្តិសុខស្បៀង ផ្គត់ផ្គង់តម្រូវការទីផ្សារ បង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែបជាលក្ខណៈគ្រួសារ ក្នុងអំឡុងនៃការរីករាយដាល ជាសកលនៃជំងឺឆ្លងកូវីដ-១៩។
លោកបានរាយការណ៍ជូនអង្គពិធី ជ្រាបពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលជលផលសម្រេចបាន ក្នុងឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅឆ្នាំ២០២១។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអបអរសាទរចំពោះ លោក ពុំ សុថា និងមន្ត្រីទាំងអស់ដែលទើបទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាលប្រគល់ជូនមុខតំណែ និងភារកិច្ចថ្មីនាពេលនេះ។
លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីយក ចិត្តទុកដាក់ និងការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលជលផល ក្នុងការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍ ការងារគ្រប់គ្រប់ ស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ការការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារទប់ ស្កាត់ និងបង្រ្គាបបទល្មើសជលផល ការអភិវឌ្ឍវិស័យវារីវប្បកម្ម និងសហគមន៍នេសាទ។
ពេញមួយឆ្នាំនេះសម្រេចបានលទ្ធផលគួរជាទីមោទន នេះពិតជាបានចូលរួមចំណែក ក្នុងបុព្វហេតុនៃការអភិវឌ្ឍវិស័យជលផលនៅកម្ពុជា ឱ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។
លោករដ្ឋមន្ត្រីបានផ្តល់គន្លឹះសំដៅ ដល់ការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលជលផល សម្រាប់ប្រតិភូថ្មី និងផែនការសកម្មភាពអនុវត្តបន្ត សម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលជលផលដូចជា៖
១៖ បន្តជំរុញការអភិវឌ្ឍវិស័យវារីវប្បកម្ម ឱ្យបានសកម្មថែមទៀត ជាពិសេសអនុវត្តអនុសាសន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី។
* បង្កើនសមត្ថភាពអនុវត្ត និងផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មដល់មន្រ្តី និងប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។
* លើកទឹកចិត្ដផ្នែកឯកជន ក្នុងការវិនិយោគ បង្កើតស្ថានីយ៍ ភ្ញាស់កូនត្រីពូជ កសិដ្ឋានចិញ្ចឹមត្រី រោងចក្រផលិតចំណីត្រី រោងចក្រកែច្នៃផល និងផលិតផលជលផល ដើម្បីកាត់បន្ថយការនាំចូល។ * សម្របសម្រួលក្នុងការបង្កើតបណ្តុំកសិករ តាមប្រភេទត្រីនៅតាមបណ្តាខេត្តនីមួយៗ និងត្រូវជំរុញការ ស្រាវជ្រាវវារីវប្បកម្មទឹកសាប សមុទ្រ និងអភិវឌ្ឍន៍វារីវប្បកម្មខ្នាតតូច មធ្យម និងធំ។
* ប្រមូលស្ថិតិវារីវប្បកម្មក្នុងប្រទេស ដើម្បីងាយតម្រង់ទិស ក្នុងការអភិវឌ្ឍទីផ្សារ និងការផ្គត់ផ្គង់។
២៖ ត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលឱ្យបានហ្មត់ចត់។ ជំរុញការចុះបញ្ជី ទូកនេសាទសមុទ្រ និងត្រូវមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ * ត្រូវពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ សហការជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងស្ថាប័នតុលាការ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល។
* ត្រូវផ្សព្វផ្សាយអំពីលិខិតគតិយុត្តពាក់ ព័ន្ធនានា និងត្រូវបន្តជំរុញការកែសម្រួលច្បាប់ស្តីពី ជលផល និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងបរិបទនៃតំបន់ភាវូបនីយកម្ម ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។
* ពង្រឹងកិច្ចសហការឲ្យបានល្អ ជាមួយដៃគូអភិវឌ្ឍ ជាពិសេសជាមួយសហភាពអឺរ៉ុប ដើម្បីពិនិត្យ ពិភាក្សា រកដំណោះស្រាយធ្វើយ៉ាងណា ដកកាតក្រហមចេញពីកម្ពុជាឲ្យបានឆាប់។
៣៖ សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងស្រុកជួយទប់ស្កាត់ និងបង្រ្កាបការកាប់រាន ការដុត ការឈូសឆាយ និងការហ៊ុមព័ទ្ធទន្រ្ទានព្រៃលិចទឹក និងព្រៃកោងកាងធ្វើជាកម្មសិទ្ធិ ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវរៀបចំផែនទី បន្តបោះបង្គោលព្រំប្រទល់ឱ្យបានច្បាស់លាស់។
៤៖ ត្រូវបន្តខិតខំពង្រឹងសមត្ថភាព របស់សហគមន៍នេសាទ ឱ្យក្លាយជាសហគមន៍នេសាទ មានភាពម្ចាស់ការ ដំណើរការល្អ រឹងមាំ សកម្មក្នុងការគ្រប់គ្រង អភិរក្សធនធានជលផលប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងមានមុខរបរចម្រុះចិញ្ចឹមជីវិតដើម្បីប្រែក្លាយជា «សហគមន៍នេសាទគំរូ និងគ្មានបទល្មើសជលផល» តាមរយៈការជំរុញកិច្ចសហការ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានជលផល។
៥៖ ត្រូវយកចិត្តទុកដាក់ការពារកន្លែងអភិរក្សជលផលឱ្យបានគង់វង្សល្អ ដោយបន្តបោះ បង្គោលព្រំប្រទល់កន្លែងអភិរក្សជលផល សាងសង់ស្នាក់ការល្បាត ទម្លាក់ប្រអប់បេតុង រៀបចំក្រុមយាមការពារកន្លែងអភិរក្ស ត្រូវយកចិត្តទុកដាក់ជំរុញការដាំព្រៃលិចទឹក និងព្រៃកោងកាង បន្តការសិក្សាតំបន់កោះ ឬតំបន់ផ្កាថ្ម ស្មៅសមុទ្រ ដែលមានសក្តានុពលខ្ពស់ ដើម្បីបង្កើតជាតំបន់គ្រប់គ្រងជលផលសមុទ្រ។
៦៖ ជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលឱ្យកាន់តែល្អប្រសើរ និងពង្រឹងសមត្ថភាព អង្គភាពជំនាញក្នុងការតាមដាន ត្រួតពិនិត្យគុណភាព សុវត្ថិភាពតាមរយៈការខិតខំ កសាងបទដ្ឋានគតិយុត្ដ និងហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ ពិសេសការយកចិត្តទុកដាក់លើ ការកសាងសមត្ថភាពរបស់មន្ត្រីជំនាញ។ យកចិត្តទុកដាក់ពង្រឹងសមត្ថភាព របស់អ្នកពាក់ព័ន្ធក្នុងការអនុវត្តបច្ចេកទេសស្តីពី ការអនុវត្តអនាម័យល្អ (GHP) ការអនុវត្តផលិតកម្មល្អ (GMP) និងការអនុវត្តវារីវប្បកម្មល្អ (GAP) ក្នុងទិសដៅលើកកម្ពស់ផលិតកម្មក្នុងស្រុកប្រកបដោយស្តង់ដាគុណភាព សុវត្ថិភាព រួមចំណែកការពារសុខភាពសាធារណៈ និងជំរុញការនាំចេញ។
៧៖ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ក្នុងការបំពេញភារកិច្ច ទប់ស្កាត់រាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង ក៏ដូចជាការគ្រប់គ្រងលើមន្ត្រីរាជការ ប្រកបដោយសមធម៌ និងយុត្តិធម៌ ត្រូវអនុវត្តឲ្យបានជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព នូវក្រមសីលធម៌មន្ត្រីរាជការ លើការគ្រប់គ្រងដឹកនាំក្នុងការបំពេញភារកិច្ច ដូចមានចែងក្នុងជំពូកទី៥ មាត្រា៣៣ ដល់មាត្រា៣៨ ក្នុងច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិលក្រកម្ពុជា៕