(ភ្នំពេញ)៖ ទោះបីមានការបង្ក្រាប និងដាក់ចេញវិធានការក្តៅយ៉ាងច្រើនណាក្តី តែក្រុមអ្នករកស៊ីដឹកលើសទម្ងន់នៅតែកើតមានលើដងវិថី។ របាយការណ៍បង្ហាញថា ឆ្នាំ២០២០ មានរថយន្តដឹកលើសទម្ងន់កំណត់ជិង ៦០ម៉ឺនគ្រឿង តែចំនួននេះមានការថយចុះជិត ១ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩។
លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចក្នុងឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ២,១០៩,៣៣០គ្រឿង។ ក្នុងនោះមានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦,១០៣ គ្រឿង ស្មើនឹង ២៧.៧៩%។
លោក សេង ឈួន បានឱ្យដឹងថា រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% មានចំនួន ៥៨២,៨១៤គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ៥% ទៅ ១០% មានចំនួន ៧៩គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ១០% ទៅ ២០% មានចំនួន ២,១៦៦គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០% មានចំនួន ១,០៤៤គ្រឿង
លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ចំនួនរថយន្តដែលលើទម្ងន់កម្រិតកំណត់មានចំនួន ២៧.៧៨% នៃរថយន្តបានត្រួតពិនិត្យសរុប គឺមានការថយចុះចំនួន ០.៩៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលចំនួនរហូតដល់ ២៨.៧៦%។
បើតាមលោក សេង ឈួន ក្នុងឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញគោលការណ៍ពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដូចជា ពង្រឹងការអនុវត្តដឹកជញ្ជូនឱ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិដូចចែងក្នុងមាត្រា៦០ នៃច្បាប់ផ្លូវថ្នល់។ ក្នុងករណីយានយន្តដឹកលើសកម្រិតកំណត់ចាប់ពី ២០% ឡើងទៅ ស្ថានីយជញ្ជីងបានឃាត់ទុករថយន្តរយៈពេលមួយឆ្នាំ មានចំនួន ១៧គ្រឿង។
លោក សេង ឈួន ក៏បានលើកឡើងផងដែរថា ទោះបីមានវិធានការរឹតបន្តឹងខ្លាំងយ៉ាងណាក្តី តែក្រុមអ្នកដឹកជញ្ជូននៅតែមិនចូលរួមគោរពច្បាប់។
សម្រាប់ទិសដៅឆ្នាំ២០២១ ដោយជ្រកក្រោមប្រធានបទ «លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាពប្រសិទ្ធភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន» នោះ លោក សេង ឈួន បានណែនាំមន្ត្រីនៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវខិតខំពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលការងារដោយប្រើប្រាស់បច្ចេកវិទ្យា និងយន្តការថ្មីៗ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព។ ជាងនេះទៅទៀតគ្រប់មន្ត្រីត្រូវបន្តសាមគ្គី និងសហការជាមួយអាជ្ញារធរដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហានេះ។
លោក សេង ឈួន បានឱ្យដឹងដែរថា ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងតម្រូវការរបស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី២បន្ថែមទៀត នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ ព្រមទាំងគ្រោងសាងសងស្ថានីយជញ្ជីង ២បន្ថែមទៀត នៅតាមខេត្តដែលមានតម្រូវការចាំបាច់។
ការដឹកជញ្ជូនលើសទម្ងន់កំណត់ ជាបញ្ហាមួយបង្កឱ្យខូចផ្លូវថ្នល់ និងស្ពានធ្ងន់ធ្ងរ។ តាមរូបមន្ត ម្រិតកំណត់ចំនួន ១០តោន (ដោយ១០×១០×១០×១០=១០,០០០គ្រឿង) នៅលើផ្លូវមួយ គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងកំពុងធ្វើចរាចរនៅលើផ្លូវនោះ ហើយបើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង បើកបរនៅលើដងផ្លូវនោះ។
លោក សេង ឈួន បានទទូចដល់អ្នកដឹកជញ្ជូនទាំងអស់ឱ្យចូលរួមគោរពច្បាប់ កុំដឹកលើសទម្ងន់ ដែលនាំឱ្យផ្លូវឆាប់ខូច៕