(ភ្នំពេញ)៖ នាសាលប្រជុំនៃ វិមាន ៧មករា គណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានបើកកិច្ចប្រជុំផ្សព្វផ្សាយរៀនសូត្រសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១។
កិច្ចប្រជុំនេះ ដែលដឹកនាំដោយលោករដ្ឋមន្ត្រី ព្រុំ សុខា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងដែលជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាសមាជិកគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងលោកស្រី អស់លោកជាមន្ត្រីរាជការដែលជាសមាជិកគណបក្សក្រសួងមុខងារសាធារណៈ សរុបអ្នកចូលរួមទាំងអស់មានចំនួនប្រមាណ ៥០០នាក់ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
បន្ទាប់ពី លោក អែវ ប៊ុនថុល សមាជិកគណៈអចិន្ត្រៃយ៍គណបក្សក្រសួង បានអានសេចក្តីសង្ខេបរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២១ រួចមក លោក ព្រុំ សុខា ប្រធានគណបក្សក្រសួងមុខងារសាធារណៈ បានថ្លែងមតិទៅកាន់អង្គប្រជុំទាំងមូលដោយផ្អែកលើរបាយការណ៍របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ ដោយបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗនៃការវាយតម្លៃ សន្និដ្ឋាន និងការនិទស្សប៉ាន់ស្មានការវិវដ្តប្រែប្រួលនៃសភាពការណ៍នាពេលខាងមុខ ក៏ដូចជាទិសដៅភារកិច្ចអាទិភាពសម្រាប់ឆ្នាំ២០២១។
ជារួម អង្គប្រជុំទាំងមូលបានត្រងត្រាប់រៀនសូត្រដោយយកចិត្តទុកដាក់នូវខ្លឹមសារឯកសារដ៏សំខាន់របស់គណបក្ស ពិសេសបញ្ញាញាណ និងមគ្គុទេសក៏ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយសំរួចឆន្ទៈមោះមុតគោរពបាវចនា៣យ៉ាងដែលជាតម្លៃរួមរបស់គណបក្សក្រសួងមុខងារសាធារណៈគឺ៖ សាមគ្គីភាព គុណវុឌ្ឍិ និងអនាគត ប្តេជ្ញារួមសាមគ្គីគ្នាប្រយុទ្ធឱ្យឈ្នះកូវីដ១៩ ជម្រុញអនុវត្តឱ្យបានសម្រេចជោគជ័យនូវរាល់ភារកិច្ចនយោបាយ ដើម្បីរក្សាការពាររឹងមាំ បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍមាតុភូមិ ដើម្បីវិបុលភាព សុខុមាលភាព និងអនាគតរុងរឿងរបស់ប្រជាជនយើងគ្រប់ជំនាន់៕