(ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន២ រួមមាន ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ព្រមទាំងលោកឧកញ៉ា អ៉ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។ ពិធីនេះក៏មានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រមទាំងមន្ត្រីរាជការ និងពាណិជ្ជករឆ្នើមជាច្រើនរូបទៀត។
គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា «សម្ព័ន្ធទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី»។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយនេះ នឹងដាក់ឲ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថលដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។
ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ មានភារកិច្ចត្រួតពិនិត្យគុណភាព រូបភាព វីដេអូ សម្លេង និងកម្មវិធីផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាននូវការផ្លាស់ប្តូរ ការផ្សាយពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថលដោយរលូន ឲ្យបានទាន់ពេលកំណត់មុនឆ្នាំ២០២៣៕