(ភ្នំពេញ)៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) លោកស្រី Li Ailan បានថ្លែងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងសុខាភិបាល ទាំងផ្នែកបច្ចេកទេស និងហិរិញ្ញវត្ថុ ដើម្បីរួមគ្នាលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ជាពិសេសការកាត់បន្ថយអត្រាមរណភាព មាតា និងទារកនៅកម្ពុជា។
ការថ្លែងបែបនេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ លើប្រធានបទ «បន្តផ្តល់សេវាគាំពារមាតា និងទារក ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដែលប្រព្រឹត្តទៅនៅ ថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២១ នាសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង។
លោកស្រី Li Ailan បានថ្លែងថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំសង្កេតឃើញថា អត្រាមរណភាព មាតា ទារក និងកុមារ មានការថយចុះជាលំដាប់ ទោះក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ»។ ជាពិសេស ឃើញថា «ការផ្ដល់សេវាសុខភាពមាតា ទារក និងកុមារ នៅតែបន្ដផ្ដល់ជូនប្រជាពលរដ្ឋជានិច្ច ខណៈដែលយើងបានដឹងហើយថា នៅតាមបណ្ដាប្រទេសជាច្រើននៅលើសកលលោកត្រូវបានផ្អាក ដោយសារការរាតត្បាតជំងឺកូវីដ១៩នេះ»។
តំណាអង្គការសុខភាពពិភពលោករូបនេះ បានបន្ដថា កន្លងមកលោកស្រីបានទស្សនកិច្ចនៅបណ្ដាខេត្ដប្រមាណជាង២០ខេត្ដនៅកម្ពុជា ដោយសង្កេតឃើញថា ការផ្ដល់សេវាសុខភាពមាតា ទារក និងកុមារ ជាពិសេសការសម្រាលកូននៅតាមមណ្ឌលសុខភាព បានដំណើរការយ៉ាងល្អ ហើយម្ដាយ និងទារកដែលទើបនឹងកើត មានសុខភាពល្អផងដែរ។ «ក្នុងនាមអង្គការសុខភាពពិភពលោក និងអង្គការដៃគូអភិវឌ្ឍដទៃទៀត នឹងបន្ដផ្ដល់ការគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ទាំងផ្នែកបច្ចេកទេស និងហិរិញ្ញវត្ថុ»។
លើសពីនោះ លោកស្រីបានគូសបញ្ជាក់ថា «ខ្ញុំគិតថានៅពេលខាងមុខនេះ ប្រទេសកម្ពុជា និងដៃគូអភិវឌ្ឍ គួររួមគ្នាដើម្បីធ្វើការចងក្រងជាឯកសារ បង្ហាញពីភាពជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ របស់កម្ពុជា ទៅដល់សកលលោក ថាប្រទេសកម្ពុជា ជាប្រទេសដ៏តូច តែទទួលបានភាពជោគជ័យដ៏ធំធេងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងការរក្សាបាននូវសុខុមាលភាពជូនដល់មាតា ទារក និងកុមារផងដែរ»។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្ដទុកដាក់ខ្ពស់ និងដាក់ចេញនូវគោលនយោបាយគាំពារសង្គម ដើម្បីជួយប្រជាជនងាយរងគ្រោះ ឱ្យទទួលបាននូវការឧបត្ថម្ភជីវភាពរស់នៅ ក្នុងកាលៈទេសៈដែលមានការរាតត្បាតនៃជំងឺកូវីដ១៩។
គោលនយោបាយគំាពាំសង្គម ក៏បានពង្រឹង និងបន្ដជួយពលរដ្ឋទាំងអស់ ដែលមានបណ្ណសមធម៌ កម្មការិនី ឱ្យទទួលបាននូវអត្ថប្រយោជន៍ ក្នុងការថែទាំសុខភាព ទទួលបាននូវការពិគ្រោះ ពិនិត្យព្យាបាលជំងឺ ទទួលរបបឧបត្ថម្ភមាតុភាព រួមចំណែកជួយឱ្យគ្រួសារនីមួយៗអាចរស់នៅជាប្រក្រតី។ ជាពិសេស ការអនុវត្ដកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំនៃគ្រួសារ ដែលមានបណ្ណសមធម៌ ឬបណ្ណអាទិភាពជាយុទ្ធសាស្ដ្រសំខាន់មួយរបស់កម្ពុជា ក្នុងការលើកកម្ពស់ សុខភាពមាតា ទារក និងកុមារ ដើម្បីឈានទៅសម្រេចបាននូវ ការគ្របដណ្ដប់សេវាសុខភាពជាសកលនៅកម្ពុជា។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «សម្រាប់យើងទាំងអស់គ្នា នឹងបន្ដខិតខំអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបំពេញកាតព្វកិច្ចរបស់យើងជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ពិសេសលើកទឹកចិត្ដដល់ពលរដ្ឋ ឱ្យមានការចូលរួមយ៉ាងស្រស្រាក់ស្រស្រាំ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់គ្រួសារ មិនមែនតែមាតា និងកុមារនោះទេ។ គ្រួសារជាមូលដ្ឋានរបស់សង្គមជាតិយើងទាំងមូល បើគ្រួសារយើងមានសុខភាពល្អ សង្គមយើងមានសុខុមាលភាពល្អ ប្រទេសជាតិយើងរីកចម្រើន ព្រោះមានលទ្ធភាពគ្រប់គ្រាន់ ប្រកបមុខរបរចិញ្ចឹមជីវភាពរស់នៅ កូនក៏បានរៀនសូត្រ មានបញ្ញាឈ្លាសវៃ ជួយទ្រទ្រង់ប្រទេសជាតិឱ្យកាន់តែរុងរឿង»។
សូមជម្រាបថា តាមរបាយការណ៍បឋមរបស់ក្រសួងសុខាភិបាលនៅឆ្នាំ២០២០ បានបង្ហាញថា ការពិនិត្យផ្ទៃពោះ លើកទី៤ មាន៧៤% ហើយការសម្រាលកូនដោយបុគ្គលិកដែលបណ្ដុះបណ្ដាលមាន ៩០% ការពិនិត្យកុមារតាម សមាហរណកម្មនៃការទទួលពិនិត្យ និងព្យាបាលជំងឺកុមារ មានចំនួនសរុប ១,១៤៧,២១៤ករណី, ការផ្ដល់ថ្នាំបង្ការ មាន៩៩% ការព្យាបាលកុមារដែលមានកង្វះអាហារូបត្ថម្ភមានចំនួន ៥,៩១៩ករណី និងជាសះស្បើយមានចំនួន ៥,៧១៥ករណី៕