(ភ្នំពេញ)៖ លោក សន សៀប សមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃអចលនវត្ថុ បានថ្លែងបញ្ជាក់ថា កំពង់ស្ពឺជាខេត្តមួយប្រៀបបានដូចជាកូនក្រមុំ ដែលទាក់ទាញ អ្នកវិនិយោគលើវិស័យឧស្សាហកម្ម។
លោកបានអះអាងថា «ខេត្តកំពង់ស្ពឺជាខេត្តមួយ កំពុងមានភាពទាក់ទាញអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម ដោយសារតែខេត្តកំពង់ស្ពឺមានផ្លូវបីខ្សែ គឺ ផ្លូវ៥១, ផ្លូវ៤៤ និងផ្លូវ៤១ ដែលជាផ្លូវមានគម្រោងអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស»។
លោកបានបន្ថែមថា ក្នុងនោះផ្លូវ៥១ កំពុងមានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC មានចំនួន៥០០ហិចតា, ផ្លូវ៤១ មានគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនសិង្ហបុរី, ចំណែកឯផ្លូវ៤៤ មានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍន៍ លើវិស័យនានា។
លោក សន សៀប បានបញ្ជាក់ថា «កត្តាទាំងនេះហើយដែលធ្វើឲ្យខេត្តកំពង់ស្ពឺ កំពុងមានភាពទាក់ទាញ លើវិស័យអចលនទ្រព្យផងដែរ»។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គិតមកត្រឹមដើមខែកក្កដា ឆ្នាំ២០២០ ខេត្តកំពង់ស្ពឺមានរោងចក្រធុនធំ១៦១រោងចក្រ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន១២០,៧៣៤នាក់។
លោកបានបញ្ជាក់ថា ក្រៅអំពីខេត្តកំពង់ស្ពឺ ក្រឡែកមើលទៅខេត្តកែប និងខេត្តកំពត ក៏កំពុងមានភាពទាក់ទាញវិនិយោគដែរ ដែលទាក់ទាញតាមរយៈវិស័យទេសចរណ៍។ ការលើកឡើងបែបនេះ សំអាងលើហេតុផលថា កាលពីមុនប្រជាពលរដ្ឋធ្វើដំណើរកំសាន្ដ ក្នុងថ្ងៃបុណ្យ ឬពេលឈប់សម្រាកនានា គឺផ្ដោតទៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ប៉ុន្ដែមើលស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននេះ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ តាមសណ្ឋាគារ ឬរីសតក្នុងខេត្តកែប និងខេត្តកំពតវិញគឺមមាញឹកច្រើន។
លោកបញ្ជាក់ថា កត្តាមួយទៀតដែលទេសចរណ៍ភាគច្រើន ធ្វើដំណើរទៅកាន់ខេត្តទាំង២នេះ ដោយសារតែមានភាពស្ងប់ស្ងាត់ បែបអេកូទេសចរណ៍ទៅលំហែរអារម្មណ៍។ ចំណែកឯខេត្តព្រះសីហនុ បានប្រែប្រួលពីតំបន់ទេសចរណ៍ ទៅជាតំបន់ពាណិជ្ជកម្មចម្រុះ មានន័យថា ខេត្តព្រះសីហនុកំពុងអភិវឌ្ឍន៍ ដំណើរការសាងសង់ជាច្រើន ដែលមិនទាន់រួចរាល់នៅឡើយ និងសកម្មលើសកម្មភាពទេចរណ៍ដូចពីមុន ប៉ុន្ដែបន្ទាប់ពីរួចរាល់ខេត្តនេះនឹងក្លាយជាខេត្តមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍។
បន្ទាប់ពីថមថយរយៈពេលមួយឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ននេះ កំពុងតែមានសកម្មភាពខ្លះៗឡើងវិញ បន្ទាបពីកម្ពុជាបានទប់ស្កាត់នៃ ការរីករាលដាលនៃជំងឺកូវីដ១៩ បានល្អប្រើសើរ និងកំពុងតែមានថ្នាំបង្ការជំងឺកូវីដ១៩ផងដែរ។
ទាក់ទិនវិស័យអចលនទ្រព្យនៅកម្ពុជានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ អចលនវត្ថុកម្ពុជាឲ្យដឹងថា ពាក់កណ្ដាលឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងផ្ដើមងើបឡើងវិញ ការងើបឡើងវិញនេះអាស្រ័យលើការចូលវិនិយោគពី វិនិយោគិនមកពីបណ្ដាប្រទេសផ្សេងៗ បន្ទាប់ពីការរំពឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាផ្លូវការ។
លោកបានបន្ដថា ការរីកសាយភាយនៃវ៉ាក់សាំងកូវីដ១៩ នឹងធ្វើឲ្យមានការត្រឡប់មកវិញ របស់វិនិយោគិនបរទេស នៅប្រទេសកម្ពុជា។
លោកបានឲ្យដឹងថា «វិនិយោគិនបរទេសនឹងអាចត្រឡប់មកវិនិយោគ នៅក្នុងប្រទេសកម្ពុជា នៅពេលវ៉ាក់សាំងការពារជំងឺកូវីដ១៩ រីកសាយភាពលើពិភពលោក ក្នុងអំឡុងខែកក្កដា និងសីហា ខណៈបច្ចុប្បន្នប្រទេសមួយចំនួន បានទទួលវ៉ាក់សាំងកូវីដ១៩ រួចរាល់ផងដែរ»៕