(កំពង់ចាម)៖ កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ ២០២១នេះ ក្រោមវត្តមាន លោកស្រី ដាំដា រានី រដ្ឋលេខាធិការក្រសួងកាពារជាតិ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា «យុវជនគឺជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមចំណែក ការពារ កសាងសង្គមជាតិរបស់យើង»

លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងឆ្នាំ២០២០ កន្លងទៅនេះ ខេត្តកំពង់ចាម បានឆ្លងកាត់វិញ្ញាសាថ្មីមួយ ដែលជាវិញ្ញាសាប្រវត្តិសាស្ត្រ១០០ឆ្នាំកើតម្ដង គឺបញ្ហានៃជំងឺកូវីដ១៩។ ពេលនោះហើយ ដែលក្រុមយុវជន (សសយក) បានបញ្ចេញសកម្មភាពយ៉ាងសស្រាក់សស្រាំ រួមសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការរៀបចំក្នុងក្របខណ្ឌ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ខេត្ត។

ជាក់ស្តែង ដូចជាព្រឹត្តិការណ៍កើតឡើងមុនគេ គឺនាវាទេសចរណ៍មួយគ្រឿង បាននាំអ្នកផ្ទុកជំងឺកូវីដ១៩ មកទឹកដីខេត្តកំពង់ចាម ដែលពេលនោះមានលោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកំពង់ចាម ដឹកនាំក្រុមយុវជនយើង ចូលរួមយ៉ាងមមាញឹក រៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកជំងឺ។

ជាបន្តបន្ទាប់មកទៀត ចំណងសាមគ្គីភាពរបស់ក្រុមយុវជនយើង បានបន្តរួមការងារជាមួយនឹងអាជ្ញាធរខេត្ត អនុវត្តការងារ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តរបស់យើងជាច្រើនទៀត ដែលកត្តាទាំងនោះ បានបញ្ជាក់ឲ្យឃើញថា យុវជនរបស់យើង កាន់តែមានការយល់ច្បាស់នូវតម្លៃរបស់ខ្លួនក្នុងការ ចូលរួមកសាងការពារសង្គមជាតិរបស់យើង។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមលោក ហាន កុសល បានថ្លែងថា ភាពជាយុវជន ចាប់ផ្ដើមពីការទទួលបាននូវឱកាស ដែលអាចឱ្យពួកគាត់ធ្វើតេស្តនូវចំណេះដឹងជំនាញ និងសមត្ថភាព ព្រមទាំងគំនិតច្នៃប្រឌិតរបស់ពួកគាត់ ដើម្បីបង្កើតបានជាបទពិសោធន៍ថ្មីៗ ពង្រីកគំនិតច្នៃប្រឌិតរបស់ពួកគាត់ អោយកាន់តែខ្លាំង ដើម្បីឲ្យពួកគាត់អាចធ្វើដំណើរទៅមុខបានដោយទំនុកចិត្ត និងចេះដោះស្រាយរាល់បញ្ហាដែលពួកគេជួបប្រទះ នៅពេលដែលពួកគេធ្វើកំពុងធ្វើដំណើរ។

ជាមួយគ្នានោះដែរលោក ហាន កុសល ក៏បានថ្លែងអំណរគុណ ដល់អស់លោក លោកស្រី ដែលជាប្រធានមន្ទីរអង្គភាព អភិបាលក្រុង-ស្រុក ដែលបានជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រ សម្របសម្រួល ដល់ការងារអនុវត្តរបស់ សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ឲ្យសម្រេចបានជោគជ័យក្នុងឆ្នាំ ២០២០កន្លងមក។

អ្នកស្រី ដាំដា រានី បានលើកឡើងថា ពិធីជួបជុំគ្នាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំង នូវការសាមគ្គីភាពរបស់គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការបន្តបេសកកម្មជួយដល់សង្គម មនុស្សធម៌ ជាពិសេស បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានគោលការណ៍បណ្ដុះបណ្ដាលយុវជនកម្ពុជា ឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

ក្រៅពីការពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្រី ដាំដា រានី ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម និងរឹងមាំជាមួយក្រុមយុវជន(សសយក) ជាមួយកិច្ចការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គមជាតិរបស់យើង៕