(កោះកុង)៖ មន្រ្តីសាខាការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកោះកុង សហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់នៅផ្សារដងទង់ ស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់។
ប្រតិបត្តិការចុះត្រួតពិនិត្យមុខទំនិញនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក តាន់ វិជិតសដ្ឋា អនុប្រធាន ក.ប.ប ខេត្តកោះកុង រួមនឹងមន្ត្រីក្រោមឱវាទ និងមន្ត្រីពាណិជ្ជកម្ម ដើម្បីស្វែងរកសាធាតុ (Borax ) ដើម្បីដុតកំទេចចោល។
លោក តាន់ វិជិតសដ្ឋា អនុប្រធានសាខា(ក.ប.ប) ខេត្ត បានឱ្យដឹងថា មន្រ្តីជំនាញបានចុះត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគ បន្លែ និងគ្រឿងសមុទ្រក្នុងផ្សារដង់ទង់ ដែលអាជីវករដាក់តាំងលក់រាល់ថ្ងៃនេះ ដោយធ្វើតេស្ត និងត្រួតពិនិត្យលើគ្រឿងឧបភោគ បរិភោគថ្ងៃនេះបានលទ្ធផល (អវិជ្ជមាន) មន្ត្រីជំនាញពុំបានរកឃើញសារធាតុគីមី ក្នុងត្រីសាច់បន្លែនោះទេ ដោយប្រជាពលរដ្ឋ និងអាជីវករគាត់បានយល់ដឹងច្រើន ក្នុងការហូបចុកមុនទិញរបស់អ្វីមួយយកមកធ្វើម្ហូបអាហារ។
លោក តាន់ វិជិតសដ្ឋា បានបន្តថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យជាប្រចាំមន្ត្រីជំនាញមិនបានរកឃើញទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ និងទំនិញខូចគុណភាពនោះឡើយ។
លោកបានបញ្ជាក់ថា ក្នុងនាមមន្រ្តីជំនាញតែងតែចុះត្រួតពិនិត្យជាប្រចាំលើកាលក់ដូរនៅតាមផ្សារ ផ្ទះល្វែងក្នុងភូមិសាស្រ្តខេត្តកោះកុង រហូតមក និងធ្វើការរឹតបន្តឹងក្នុងការលក់ដូរទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានដាក់លាយសារធាតុគីមីជាដើម ព្រមទាំងបានធ្វើការអំពាវនាវដល់អាជីវករលក់ដូរ ត្រូវយកតែទំនិញណាដែលមានការបរិច្ឆេទមានថ្ងៃ ខែ ឆ្នាំផលិត និងឈ្មោះក្រុមហ៊ុនឱ្យបានត្រឹមត្រូវក្នុងការលក់ដូរ។
បន្ថែមពីនេះ តាន់ វិជិតសដ្ឋា ក៏អំពាវនាវដល់អ្នកទិញ អ្នកលក់នាំគ្នាចូលរួមទប់ស្កាត់ឱ្យបាននូវការលក់ទំនិញខូចគុណភាពកុំឱ្យមានឱ្យសោះ ដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយលោកសូមអំពាវរនាវដល់អាជីវករលក់ដូរទាំងអស់កុំនាំទំនិញខូចគុណភាព ឬហួសថ្ងៃ ខែ ឆ្នាំ បរិច្ឆេទដាក់តាំងលក់ឱ្យសោះ និងត្រូវជួយពន្យល់ណែនាំឱ្យប្រជាពលរដ្ឋចេះមើលថ្ងៃ ខែ ឆ្នាំផលិតមុនទិញយកទៅប្រើប្រាស់៕