(ភ្នំពេញ)៖ លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុ និងជាស្ថាបនិកក្រុមហ៊ុន IQI Cambodia Co Ltd បានលើកឡើងថា វិស័យខុនដូនៅកម្ពុជាឆ្នាំនេះ មិនអាចសន្មត់បានឡើយថាអាចមានសន្ទុះងើបឡើងវិញ ឬបន្ដក្នុងស្ថានភាពដដែល។ មិនអាចសន្មត់បានព្រោះថា វិស័យខុនដូនេះ រំពឹងលើភ្ញៀវក្រៅស្រុកមកវិនិយោគ ទិញ ឬជួលជាដើម។
លោកបានបន្ដថា ប៉ុន្ដែដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យខុនដូនៅកម្ពុជា ក្នុងឆ្នាំ២០២០ មិនមានចរន្ដទិញលក់ ឬជួលឡើយ ហើយបច្ចុប្បន្នជំងឺកូវីដនៅតែបន្ដ រាលដាលជុំវិញពិភពលោក និងមានការកើនឡើងជាលំដាប់។ ជាការពិតត្បិតថា កម្ពុជាចាប់ផ្តើមមានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ព្រមទាំងបាននិងកំពុងចាក់វ៉ាក់សាំងក៏ពិតមែន ប៉ុន្តែពលរដ្ឋទាំងអស់នៅតែបន្ដគោរព តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសារតែថ្មីៗនេះកម្ពុជារកឃើញមេរោគថ្មី ដែលជាការបំលែងខ្លួននៃជំងឺកូវីដ១៩នេះ នាំចូលដោយអ្នកដំណើរឆ្លងប្រទេស។
លោកបានបន្ថែមថា «កត្តាទាំងនេះធ្វើឲ្យពិបាករំពឹងទុក ពីចរន្ដទិញលក់ខុនដូក្នុងឆ្នាំ២០២១។ ប៉ុន្ដែខ្ញុំសង្ឃឹមថា ទីផ្សារខុនដូនឹងងើបមុខឡើងវិញ ពេលវ៉ាក់សាំងការពារជំងឺកូវីដ១៩ មានប្រសិទ្ធិភាពហើយក្រសួងសុខាភិបាលបញ្ចប់ការធ្វើចត្តាឡីស័ក ចំពោះអ្នកវិនិយោគ ក៏ដូចអ្នកដំណើរមកកាន់កម្ពុជា និងមានសកម្មភាពឡើងវិញ នៃការហោះហើរត្រង់មកកាន់ កម្ពុជាកាន់តែច្រើន»។
លោកបានបន្ថែមថា «ខ្ញុំសង្កេតឃើញថា ការជួលខុនដូធ្លាក់ចុះ ដោយសារតែមិនមាន អតិថិជនបរទេស ព្រោះជនបរទេសភាគច្រើន ត្រឡប់ទៅកាន់ប្រទេសកំណើត។ ចំណែកជនបរទេសផ្សេងទៀត មិនអាចត្រឡប់មកកម្ពុជាបាន។ កត្តាទាំងនេះធ្វើឲ្យអត្រាទំនេរ នៃការជួលខុនដូកើនឡើងខ្ពស់ រហូតដល់៣០-៤០ភាគរយ ខណៈពីមុនមានត្រឹម១៥-២០ភាគរយប៉ុណ្ណោះ»។
លោក ម៉ាន់ ច័ន្ទឌី ឲ្យដឹងទៀតថា ប្រសិនបើស្ថានភាពនៅដដែលពិតណាស់នឹងបណ្ដាឲ្យ វិស័យខុនដូជាប់គាំង ព្រោះកម្ពុជាក៏ដូចជាពិភពលោក មិនទាន់អាចកំណត់ច្បាស់លាស់ នៃការបញ្ចប់ការរីករាលដាលរបស់ជំងឺកូវីដ១៩។ ប៉ុន្តែប្រសិនជាអ្នកអភិវឌ្ឍខុនដូ ប្ដូរយុទ្ធសាស្ត្រទីផ្សារ ដោយបែរមកលក់ឲ្យអតិថិជនក្នុងស្រុក ក្នុងតម្លៃសមរម្យណាមួយនោះ អ្នកវិនិយោគទាំងនោះនឹងលក់បានច្រើន ចរន្ដទិញលក់ខុនដូនឹងចាប់ផ្ដើមមាន ចំពោះអ្នកក្នុងស្រុក។
លោកបានបន្ថែមថា បច្ចុប្បន្ននេះចរន្តទិញ-លក់ខុនដូ របស់ប្រជាពលរដ្ឋក្នុងស្រុក មានចំនួនតិចតួចនៅឡើយ ភាគច្រើននៃប្រជាពលរដ្ឋជ្រើសរើសទិញលំនៅដ្ឋាន ដែលមានផ្ទះ និងដីសម្រាប់រស់នៅ ចំណែកឯការទិញខុនដូ គឺទិញដើម្បីវិនិយោគប៉ុណ្ណោះ។
លោកបានបន្ដថា «ទោះជាយ៉ាងណានេះក្ដី នៅថ្ងៃអនាគតប្រជាពលរដ្ឋកម្ពុជា ក៏នឹងងាកមករស់នៅក្នុងខុនដូ ដូចបរទេសអីចឹង ក្រោមហេតុផលថា ទិញផ្ទះឆ្ងាយពីកន្លែងធ្វើការ ខាតពេលវេលា និងចំណាយពេលច្រើនជាដើម»។
លោកបានបន្ដថា បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំង លើវិស័យសេដ្ឋកិច្ចបណ្ដាលមកពី ជំងឺកូវីដ១៩នេះ ចរន្តទិញលក់ និងជួលខុនដូថយចុះជាខ្លាំង ដោយចំនួនអ្នកជួលក្នុងទីក្រុងថយចុះ ចំណែកភ្ញៀវទេសចរបរទេសក៏ថមថយជាខ្លាំង បើប្រៀបធៀបនឹងឆ្នាំមុន២០១៩។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានបង្ហាញភាពវិជ្ជមាន ចំពោះការចូលមកវិនិយោគ របស់វិនិយោគិនបរទេស នៅក្នុងប្រទេសកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០២១។
លោកបានលើកឡើងថា «វិនិយោគិនបរទេសនឹងអាចត្រឡប់ មកវិនិយោគនៅកម្ពុជា នៅពេលវ៉ាក់សាំងការពារជំងឺកូវីដ១៩ រីកសាយភាពលើពិភពលោក ក្នុងអំឡុងខែកក្កដា និងសីហា ខណៈបច្ចុប្បន្នប្រទេសមួយចំនួន បានទទួលវ៉ាក់សាំងកូវីដ១៩ រួចរាល់ផងដែរ»៕