(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើបន្ធូរបន្ថយទោស និងការលើកលែងទោស បានថ្លែងថា ការលើកលែងទោស និងបន្ធូរបន្ថយទោស មិនមែនជាសិទ្ធិរបស់ទណ្ឌិតទេ។ លោកបន្តថា បើអត្តចរិតរបស់ទណ្ឌិតណាម្នាក់មិនទាន់កែប្រែជាល្អ ទោះបីជាទណ្ឌិតនោះបានអនុវត្តទោសតាមលក្ខខណ្ឌក៏ដោយ ក៏មិនត្រូវពិចារណាផ្តល់ការលើកលែង និងបន្ធូរបន្ថយទោសដែរ។

លោក កើត រិទ្ធ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំស្តីពី «ការផ្សព្វផ្សាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងការលើកលែងទោស» និងពង្រឹងការងារស្នើសុំអនុគ្រោះទោស ដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលើកលែងទោស និងបន្ធូរបន្ថយទោស មិនមែនជាសិទ្ធិរបស់ទណ្ឌិតទេ, ប៉ុន្តែជាការអនុគ្រោះមួយ ដែលជាព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រឆ្លើយតប ទៅនឹងលក្ខខណ្ឌអ្វីមួយ។ ហើយលក្ខខណ្ឌនោះ គឺជាការទទួលខុសត្រូវទាំងស្រុង របស់គណៈកម្មាធិការយើង»

បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ការសម្រេចថាទណ្ឌិតណាម្នាក់អាចត្រូវបានលើកលែងទោស ឬបន្ធូរបន្ថយទោស គឺជាព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រ តាមការស្នើសុំពីនាយករដ្ឋមន្ត្រី បន្ទាប់ពីមានបញ្ជីឈ្មោះពីគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើបន្ធូរបន្ថយទោស និងការលើកលែងទោស។ ហេតុដូច្នេះហើយ លោករដ្ឋមន្ត្រីបានជំរុញដល់ពន្ធនាគារទូទាំងរាជធានីខេត្ត ពេលដាក់ឈ្មោះទណ្ឌិតណាម្នាក់ ក្នុងបញ្ជីស្នើសុំការលើកលែង និងបន្ធូរបន្ថយទោស ត្រូវពិនិត្យលើអត្តចរិតទណ្ឌិតនោះឲ្យបានច្បាស់លាស់។

រឿងសំខាន់ផ្សេងទៀត ដែលលោក កើត រិទ្ធ បានផ្តាំផ្ញើក្នុងអង្គប្រជុំនោះគឺ ទណ្ឌិតដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូចជាករណីសម្លាប់មនុស្សច្រើន ឬរំលោភសម្លាប់ជាដើម ត្រូវតែពិចារណាឲ្យបានច្បាស់លាស់បំផុតថាតើ ទណ្ឌិតរូបនោះអាចផ្តល់ការអនុគ្រោះទោសបានដែរឬទេ។ ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានក្រើនរម្លឹកដែរថា ទណ្ឌិតគ្រប់រូបសុទ្ធតែអាចផ្តល់ការអនុគ្រោះទោសបានទាំងអស់។

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យថ្មី ស្តីពីការបន្ថូរបន្ថយទោស និងលើកលែងទោស។

ជំពូក២ មាត្រា៣ នៃព្រះរាជក្រឹត្យនេះ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖

១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

មាត្រាដដែលនេះ បានកំណត់បន្ថែមថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។ លើសពីនេះទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នា ឬរួមគ្នា៕

http://image.freshnewsasia.com/2020/id-154/fn-2021-02-18-15-34-57-4.jppg