(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹង និងងាយរងគ្រោះចំនួន ៧៤គ្រួសារ និងបានប្រគល់ផ្ទះ៤ខ្នង ជូនដល់ប្រជាពលរដ្ឋ ៤គ្រួសារ ស្ថិតនៅភូមិត្រពាំងដងទឹក ឃុំទ័ពមាន ស្រុកថ្ពង។
ក្នុងឱកាសនោះដែរ លោក វ៉ី សំណាង បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយមិនទុកនរណាម្នាក់ចោល ពោលគឺ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ប្រធានកាកបាទក្រហមខេត្ត ក៏បានជម្រាបន្ថែមថា អំណោយមនុស្សធម៌ទាំងនេះគ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ខិតខំប្រកបមុខរបរ ដើម្បីទ្រទ្រង់ជីវភាពឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕