(ភ្នំពេញ)៖ ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី កំពុងជួបបញ្ហាខ្វះខាតអគ្គិសនី និងទឹកស្អាតប្រើប្រាស់ អំឡុងពេលកំពុងដំណើរការសាងសង់។ នេះជាការលើកឡើងរបស់ក្រុមហ៊ុន ដែលវិនិយោគសាងសង់ ប្រាប់រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល។
លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានទទួលជួបជាមួយលោក លូ វេង ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនសាងសង់ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ដើម្បីសុំកិច្ចជួយអន្តរាគមន៍។
លោកបន្តថា ដំណើរការសាងសង់ព្រលានយន្តហោះសៀមរាបអង្គរថ្មីនេះ គឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣តែម្ដង ប៉ុន្ដែក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនេះ បាននិងកំពុងជួបឧបសគ្គ ដូចជាខ្វះទឹកសម្រាប់ប្រើប្រាស់ មិនមានបណ្ដាញតភ្ជាប់ទឹកស្អាត សម្រាប់ប្រើប្រាស់លើការសាងសង់ និងមិនមានបណ្ដាញសម្រាប់តភ្ជាប់អគ្គិសនីប្រើប្រាស់ និងការសាងសង់ព្រលានយន្តហោះជាដើម។
លោកលើកឡើងទៀតថា ប្រភពផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី នៅព្រលានយន្តហោះ គឺមាន២ប្រភព ដែលទី១៖ អាចយកពីទីរួមខេត្តសៀមរាប និងទី២ អាចយកពីខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយ១៨០គីឡូម៉ែត្រ ដូច្នេះក្រុមហ៊ុនកសាងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មីនេះ បានស្វែងរកកិច្ចអន្តរាគមន៍ពីបណ្ឌិត ម៉ៅ ហាវណ្ណាល់ ឲ្យជួយជំរុញដល់ក្រសួងពាក់ព័ន្ធបានជួយដោះស្រាយ ដើម្បីឲ្យដំណើរការសាងសង់ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី គឺបានប្រព្រឹត្តទៅផែនការគ្រោងទុក ដោយជោគជ័យនៅឆ្នាំ២០២៣។
ចំពោះបញ្ហាប្រឈមនេះ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានទទួលយកសំណើរ ហើយបានសន្យាថានឹងជួយដោះស្រាយបញ្ហាទាំងនេះ ដើម្បីកុំឲ្យខកខានដល់ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ហើយលោកក៏ដាក់សំណើទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយអគ្គិសនី ក្នុងការជួយពន្លឿនការសាងសង់ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ឲ្យទាន់ពេលវេលា។
សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ស្ថិតនៅក្នុងស្រុកសូទ្រនគម និងស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីខេត្តសៀមរាប និងមានចម្ងាយ១៨០គីឡូម៉ែត្រពីខេត្តបន្ទាយមានជ័យ។ បច្ចុបប្បន្នការសាងសង់សម្រេចបាន៤០% ហើយ និងត្រូវបញ្ចប់ឆ្នាំ២០២៣ ប្រសិនបើគ្មានឧបសគ្គ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4F សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបានផងដែរ៕