(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតហ្វីលីពិនប្រចាំនៅកម្ពុជា លោកស្រី Maria Amelita C. Aquino បានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពិន បានទទួលស្គាល់រួចហើយនូវក្រុមហ៊ុនមួយចំនួនដែលរកស៊ីលើវិស័យស្រូវអង្ករ។ លោកស្រី បានអះអាងថា នឹងណែនាំក្រុមហ៊ុនទាំងនេះឱ្យសិក្សាវិនិយោគលើវិស័យស្រូវអង្ករនេះនៅកម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលកន្លងមកមានការរីកចម្រើនជាលំដាប់ តែបានថយចុះបន្ដិចបន្តួចក្នុងឆ្នាំ២០២០ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានស្នើភាគីហ្វីលីពីន ពិនិត្យមើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀរគរធុរជនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាបង្កើតរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសកលលោក។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងថាគោលការណ៍ថ្មីរបស់ប្រទេសហ្វីលីពីន បានអនុញ្ញាតឱ្យវិស័យឯកជនរបស់ខ្លួនមកទិញអង្ករដោយផ្ទាល់ ឱ្យតែអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យរបស់ហ្វីលីពីន ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈយន្ដការរបស់រដ្ឋាភិបាលទៀតឡើយ។
លោកស្រី បានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ធ្វើពាណិជ្ជកម្មស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះមកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។
លោករដ្ឋមន្រ្ដី ប៉ាន សូរស័ក្តិ ក៏បានស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្មដទៃទៀតពីកម្ពុជារួមមាន៖ ដំឡូងមី ពោត និងផលិតផលសក្ដានុពលសំខាន់ៗផ្សេងទៀតទៅកាន់ទីផ្សារហ្វីលីពីន។
លោករដ្ឋមន្រ្ដីពាណិជ្ជកម្ម ក៏បានជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា និងហ្វីលីពិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានអញ្ជើញភាគីហ្វីលីពីន ចូលរួមនូវកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជា ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅ។
លោក ប៉ាន សូរស័ក្តិ និងលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពិន បានប្តេជ្ញាចិត្តបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំងបន្ថែមទៀត៕