(ព្រះសីហនុ)៖ សណ្ឋាគារ និងផ្សារទំនើបចំនួន៤កន្លែងទៀតហើយ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ ក្រោយរកមិនឃើញមានអ្នកពាក់ព័ន្ធ នៅកន្លែងនោះទៀត។ នេះបើតាមលិខិតអនុញ្ញាតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។
ក្នុងលិខិតរបស់អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សណ្ឋាគារទាំង៥កន្លែង ដែលបញ្ចប់ការធ្វើចត្តាឡីស័កនោះរួមមាន៖ ផ្សារទំនើបដារុនហ្វា (ផ្សារដំរី៥) មានទីតាំងស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤, សណ្ឋាគារអន្តរជាតិ ហាយជឺកាង នៅភូមិ១ សង្កាត់លេខ៣, សណ្ឋាគារមីងម៉ិន អន្តរជាតិ (អគារស្នាក់នៅរួមក្រុមហ៊ុនជីនប៉ី) ស្ថិតនៅមហាវិថីឯករាជ្យ ផ្លូវលេខ១០០ ភូមិ៤ សង្កាត់លេខ៤, សណ្ឋាគារ សាងសាងចុងគ័រ (អគារស្នាក់នៅរួមក្រុមហ៊ុនជីនប៉ី) ស្ថិតនៅផ្លូវលេខ១២៤ ភូមិ៣ សង្កាត់លេខ៤។
បើទោះបីអនុញ្ញាត ឱ្យដំណើរការអាជីវកម្មឡើងវិញក៏ពិតមែន ប៉ុន្ដែលោក គួច ចំរើន បានណែនាំឱ្យអ្នកគ្រប់គ្រង ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
គួរជម្រាបថា ដោយសារតែស្ថានភាពនៅខេត្តព្រះសីហនុ ហាក់មានការធូរស្រាល ដោយប៉ុន្មានថ្ងៃមកនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» បន្ថែមទៀតនោះ រដ្ឋបាលខេត្តបានអនុញ្ញាតឱ្យទីតាំងដែលមានការពាក់ព័ន្ធកន្លងទៅ បើកដំណើរការវិញជាបន្ដបន្ទាប់។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕