(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ លើកលែងទោសដល់ លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា នៃអតីតគណបក្សសមរង្ស៉ី ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងករណី ចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ព្រះរាជក្រឹត្យលើកលែងទោសនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកស្រី ថាក់ ឡានី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ពន្ធនាគារ រយៈពេល១ឆ្នាំ និង៦ខែ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់ សម្ដេចតេជោនាយករដ្ឋមន្ត្រីចំនួន១០០រៀល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រោយមកសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចតម្កល់សាលក្រមនេះ។
ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី ថាក់ ឡានី នៅក្នុងវេទិកាសាធារណៈមួយ នៅភូមិប៉ាតាងឃុំប៉ាតាងស្រុកលំផាត់ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដោយបានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិតកែមឡី។
ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំ ក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេស សម្តេចតេជោ នាយករដ្ឋមន្ត្រីតាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹង អ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម ១០០រៀល ប៉ុណ្ណោះ។
ចាប់តាំងពីមានសំណុំរឿងនេះ លោកស្រី ថាក់ ឡានី បានរត់គេចខ្លួនរហូតមក៕