(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី ចេញជូនដំណឹងដល់សាធារណៈជន ដែលមានពិធីរៀបចំអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបពុទ្ធសាសនានានា ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ-១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។
ការចេញបំរាមរបស់រដ្ឋបាលខេត្តរតនគិរី បានធ្វើឡើងក្រោយប្រទេសកម្ពុជាផ្ទុះឡើងនូវព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» កំពុងស្ថិតក្នុងស្ថានភាពមួយដែលគួរឲ្យ ព្រួយ បារម្ម ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ដូច្នេះសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩កុំឲ្យរីករាលដាលចូលក្នុងសហគមន៍នៃខេត្តរតនគិរី។
បើតាមសេចក្តីជម្រាបជូនរបស់រដ្ឋបាលខេត្តរតនគិរី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា
ទី១៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីឡើងគេហដ្ឋាន ការជួបជុំបែបពុទ្ធសាសនា ក្លឹបហាត់ប្រាណ ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) កិច្ចប្រជុំសិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ និងកម្មវិធីនានាដែលមានការប្រមូលផ្តុំមនុស្សទ្រង់ទ្រាយច្រើន។
ទី២៖ គ្រប់ច្រកចេញ ចូលនៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព គ្រឹះស្ថានសាធារណៈ រដ្ឋនិងឯកជន ភោជនីដ្ឋាន សណ្ឋាគារ ស្ថានីយ៍រថយន្ត កន្លែងរងចាំ នៅទីសាធារណៈនានា ដែលមានមនុស្សច្រើនត្រូវមានឧបករណ៍វាស់កម្តៅ បាញ់អាកុល ស្កេន QR Code ទប់ស្កាត់កូវីដ-១៩ នៅតាមច្រកចេញចូលឲ្យបានគ្រប់គ្រាន់ គ្រប់អង្គភាព និងគ្រឹះស្ថានសាធារណៈ។
ទី៣៖ អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តតាមដានណែនាំ និងរឹតបន្តឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើដំណើរពីក្រៅខេត្តឲ្យអនុវត្ត វិធានការចត្តាឡីស័កដោយខ្លួនឯង និងហាមឃាត់ធ្វើចលនាបំលាស់ទីទៅក្រៅខេត្តក្នុងករណីមិនចាំបាច់។
ទី៤៖ បន្តលើកកម្ពស់ការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ និង៣ ការពារឲ្យបានម៉ឹងម៉ាត់។
ទី៥៖ ចំពោះករណីបុណ្យសព ឫការបញ្ចុះសព ដែលអាចមាននៅក្នុងរយៈពេលនេះអាចប្រារព្វធ្វើបានជាធម្មតាតាមប្រពៃណីទំនៀមទំលាប់ ប៉ុន្តែធ្វើឡើងតែក្នុងរង្វង់គ្រួសារ សាច់ញាតិ ដោយមិនត្រូវឲ្យមានមនុស្សចូលរួមច្រើនកុះករ ហើយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។
ទី៦៖ ប្រសិនបើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានការធូរស្រាលនោះរដ្ឋបាលខេត្តនឹងជូនដំណឹងជាថ្មីនូវការដាក់ឲ្យដំណើរការឡើងវិញនូវកម្មវិធីនានាដូចបានបញ្ជាក់ ជូនខាងលើ៕