(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាលនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្តីពី ការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ តាមបែប សាសនានា បណ្តោះអាសន្នក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ការចេញបំរាមរបស់រដ្ឋបាលខេត្តកណ្ដាល បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលគួរឱ្យព្រួយបារម្ភហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍នៃខេត្តកណ្ដាល។
បើយោងតាមរយៈលិខិតរបស់រដ្ឋបាលខេត្តកណ្តាលផ្ញើទៅកាន់អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ រដ្ឋបាលខេត្ត សុំឱ្យលោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក អនុវត្តតាមគោលការណ៍ណែនាំដូចខាងក្រោម ៖
ទី១៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ តាមបែបសាសនានានា ក្នុងរូបភាពប្រមូលផ្តុំចាប់ពីជូន ដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ទី២៖ ចំពោះករណីបុណ្យសព អាចប្រារព្ធបានជាធម្មតាតាមប្រពៃណី ប៉ុន្តែត្រូវធ្វើឡើងតែក្នុងរង្វង់សាច់ញាតិ ក្រុមគ្រួសារដោយត្រូវកាត់ បន្ថយមនុស្សចូលរួម ឱ្យនៅកម្រិតទាបបំផុត។
ទី៣៖ ត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ដូចជា ការធ្វើអនាម័យ ការពាក់ម៉ាស ការរក្សាគម្លាត សុវត្ថិភាពសង្គម ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងវិធានការសុខាភិបាលផ្សេងទៀត។
ទី៤៖ ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និងមិនសហការជាមួយ នឹងអាជ្ញាធរមូលដ្ឋានក្នុងការងារទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។